(តូក្យូ)៖ ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) បាននិយាយនៅថ្ងៃសុក្រនេះ ការធ្វើដំណើររបស់លោកស្រី មកកាន់អាស៉ី ដែលបានបង្កឲ្យប្រទេសចិនមានការខឹងសម្បារនោះ គឺមិនមែនដើម្បី ផ្លាស់ប្តូរស្ថានភាពដើមនៅតៃវ៉ាន់ ឬក្នុងតំបន់នោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។

ចំពេលដែលមានព្យុះភ្លៀងផ្នែកការទូត ដែលកើតចេញពីដំណើរទស្សនកិច្ចនៅទីក្រុងតៃប៉ិ លោកស្រី ផេឡូស៉ី បានលើកឡើងពី លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក និងបានសន្យាបន្តសាមគ្គីភាពជាមួយទីក្រុងតូក្យូ។ កំលុងសន្និសីទសារព័ត៌មាន នៅឯទីក្រុងតូក្យូ បន្ទាប់ពីជួបជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៉ីដា លោកស្រី ផេឡូស៉ី បានប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «យើងបាននិយាយតាំងពីដំបូងថា វត្តមានរបស់យើងនៅទីនេះមិនមែន មកដើម្បីផ្លាស់ប្តូរស្ថានភាពដើម នៅតៃវ៉ាន់ ឬនៅក្នុងតំបន់នោះទេ»

គួរបញ្ជាក់ថា ជប៉ុនជាប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចរបស់ លោកស្រី ផេឡូស៉ី មកកាន់តំបន់អាស៉ី។ ក្នុងនោះរួមមាន សិង្ហបុរី, ម៉ាឡេស៉ី, កូរ៉េខាងត្បូង, ជប៉ុន ខណៈដែលដំណើរទៅកាន់កោះតៃវ៉ាន់ ដែលជាគោលដៅមិនស្ថិតក្នុងកាលវិភាគ បានក្លាយជាបញ្ហាដ៏ចម្រូងចម្រាស់មួយ ជាមួយប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ ជាដែនដីរបស់ខ្លួន៕