(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ (KCNA) បាននិយាយថា ប្រទេសកូរ៉េខាងជើងបានរាយការណ៍ថា គ្មានឆ្លងករណីកូវីដ១៩ សម្រាប់រយៈពេលប្រាំពីរថ្ងៃជាប់ៗគ្នា ដោយបន្ថែមថា អ្នកទាំងអស់ដែលបានធ្លាក់ខ្លួនឈឺចាប់តាំងពីប្រទេសនេះបានបញ្ជាក់ពីការឆ្លងដំបូង បានជាសះស្បើយឡើងវិញទាំងអស់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២។

ប្រទេសកូរ៉េខាងជើង បានចាក់វិធានការបិទខ្ទប់ប្រទេសដ៏តឹងរ៉ឹង ចាប់តាំងពីការចាប់ផ្តើមរាតត្បាតជំងឺនេះតាំងពីលោកដំបូង នៅក្នុងរដ្ឋធានីព្យុងយ៉ាងកាលពីខែឧសភា និងបានដាក់ដំណើរការប្រព័ន្ធឆ្លើយតបគ្រាអាសន្នជាអតិបរមា។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ (KCNA) បានរាយការណ៍យ៉ាងល្អិតល្អន់ អំពីចំនួនផ្លូវការនៃករណីស្លាប់ សម្រាកព្យាបាល និងជាសះស្បើយជារៀងរាល់ថ្ងៃ ចាប់តាំងពីពេលនោះមក ខណៈមេដឹកនាំ លោក គីម ជុងអ៊ុន បានដាក់ខ្លួនគាត់ជាចំកណ្តាល នៃការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះបញ្ហានេះ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានកត់ត្រាការឆ្លងសរុបជិត ៤.៨លានករណី ចាប់តាំងពីចុងខែមេសា ដោយមានអ្នកស្លាប់ត្រឹមតែ៧៤នាក់ប៉ុណ្ណោះ ដោយអត្រាមរណភាពជាផ្លូវការ ០.០០២ភាគរយ៕