(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៉ីដា (Fumio Kishida) បាននិយាយនៅថ្ងៃសៅរ៍នេះថា លោកនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោក នៅសប្តាហ៍ក្រោយ ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើនឡើង រួមមានភាពតានតឹងនៅកោះតៃវ៉ាន់, បញ្ហាកូវីដ១៩ និងវិធានការជំរុញសេដ្ឋកិច្ច ដើម្បីទប់ទល់នឹងអតិផរណា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចូលរួមពិធីរំលឹកខួបលើកទី ៧៧ នៃការទម្លាក់គ្រាប់បែកបរមាណូលើកដំបូង របស់ពិភពលោកនៅក្នុងទីក្រុងហ៉ីរ៉ូស៉ីម៉ា លោក គីស៉ីដា បានគូសបញ្ជាក់ថា «យើងត្រូវរៀបចំការបង្កើតថ្មីមួយ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដៅយពិចារណាដោះស្រាយលើបញ្ហាផ្សេងៗ»។

លោក ណាត់ស៊ូអូ យ៉ាម៉ាគូឈិ (Natsuo Yamaguchi) មេដឹកនាំគណបក្ស កូមៃតូ (Komeito) ដែលជាដៃគូចម្រុះកំពុងកាន់អំណាចរបស់លោក គីស៉ីដា បានឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី បានជូនដំណឹងអំពីការរុះរើគណៈរដ្ឋមន្ត្រីថា នឹងធ្វើឡើងនៅថ្ងៃពុធសប្តាហ៍ក្រោយ។ លោក គីស៉ីដា មិនបានផ្តល់ព័ត៌មានលម្អិតអំពីការផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីរបស់ លោកទេ ប៉ុន្តែកាសែតក្នុងស្រុករបស់ជប៉ុន បានរាយការណ៍នេះ លោក ទំនងជានឹងជំនួសតំណែងរដ្ឋមន្ត្រីការពារជាតិ លោក ណូប៊ូអូ គីស៉ិ (Nobuo Kishi) ដោយសារបញ្ហាសុខភាពរបស់គាត់។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរមន្រ្តីមុនការរំពឹងទុកក៏កើតមានឡើង នៅពេលដែលរដ្ឋបាលរបស់លោក គីស៉ីដា ប្រឈមមុខនឹង ការបង្កើនការត្រួតពិនិត្យជាសាធារណៈលើទំនាក់ទំនងរវាងក្រុមសាសនាបង្រួបបង្រួមព្រះវិហារ និងសមាជិកសភាបក្សកាន់អំណាច រួមទាំងករណីស្លាប់នៃអតីតនាយករដ្ឋមន្ត្រី អាបេ ស៉ិនហ្សូ ផងដែរ៕