(កៀវ)៖ តួកគី និងអ៊ុយក្រែន បានអះអាងថា កប៉ាល់២គ្រឿងទៀតដែលដឹកពោត និងសណ្តែកសៀង បានចាកចេញពីកំពង់ផែសមុទ្រខ្មៅ របស់អ៊ុយក្រែននៅថ្ងៃចន្ទនេះ នាំឲ្យចំនួនកប៉ាល់ដឹកធញ្ញជាតិ ដែលចេញពីអ៊ុយក្រែន កើនឡើងដល់១០គ្រឿងហើយ គិតចាប់តាំងសប្តាហ៍មុន ក្រោមកិច្ចព្រមព្រៀងជាមួយរុស្ស៉ី។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំំ២០២២។

ក្រសួងការពារជាតិតួកគី បានឲ្យដឹងថា កប៉ាល់ សាឃូរ៉ា (Sacura) ដែលបានចាកចេញពីកំពង់ផែន ពីវដេនយី (Pivdennyi) កំពុងដឹកគ្រាប់សណ្តែងសៀង ចំនួន ១១,០០០តោន ទៅកាន់ប្រទេសអ៉ីតាលី ខណៈដែលកប៉ាល់ អារីហ្សូណា (Arizona) ដែលចាកចេញពីកំពង់ផែ ឆូណូមូស្ក៍ (Chornomorsk) កំពុងដឹកពោតចំនួន ៤៨,៤៥៨តោន ទៅកាន់ទីក្រុង អ៉ីស្កេនដឺរ៉ាន់ (Iskenderun) ភាគខាងត្បូងប្រទេសតួកគី។

រដ្ឋមន្រ្តីក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន លោក អូឡេកសាន់ដឺ គូប្រាកូវ (Oleksandr Kubrakov) បានបញ្ជាក់ថា កប៉ាល់ទាំងពីរគ្រឿងបានចាកចេញហើយ ដោយបន្ថែមថា ពីវដេនយី គឺជាកំពង់ផែរបស់អ៊ុយក្រែនទីបី ដែលទើបបានបើកឡើងវិញ ក្រោមកិច្ចព្រមព្រៀងខាងលើនេះ។ កំពង់ផែមួយនេះ នឹងជំរុញសមត្ថភាពនាំចេញសរុបរបស់អ៊ុយក្រែន រហូតដល់៣លានតោន ក្នុង១ខែ។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិតួកគី កប៉ាល់ទាំង ៤គ្រឿង ដែលបានចាកចេញពីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ត្រូវគេរំពឹងថានឹងបោះយុថ្កាចតនៅជិតទីក្រុងអ៊ីស្តង់ប៊ុល នៅល្ងាចថ្ងៃចន្ទនេះ ហើយនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ នៅថ្ងៃអង្គារស្អែក។ មុនពេលរុស្ស៊ីបើការឈ្លានពានអ៊ុយក្រែន រុស្ស៉ីនិងអ៊ុយក្រែន ទទួលបន្ទុករួមគ្នាជិតមួយភាគបី នៃការនាំចេញស្រូវសាលី របស់ពិភពលោក៕