(ប៉េកាំង)៖ ក្រសួងការបរទេសចិននាថ្ងៃចន្ទនេះ បានលើកឡើងថា តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិន ហើយចិនកំពុងធ្វើសមយុទ្ធយោធាជាធម្មតា នៅក្នុងដែនទឹករបស់ខ្លួនប៉ុណ្ណោះ និងនៅក្រោមឥរិយាបថដែលប្រកបដោយ ការបើកចំហ តម្លាភាព និងមានវិជ្ជាជីវៈត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានបន្តថា នាយកដ្ឋានពាក់ព័ន្ធ ក៏បានចេញសេចក្តីប្រកាស ទាន់ពេលវេលាផងដែរ ហើយម៉្យាងវិញទៀតនោះ ការធ្វើសមយុទ្ធនាពេលនេះ គឺស្របទាំងតាមច្បាប់ជាតិ និងអន្តរជាតិ។ លោក វ៉ាង បានលើកឡើងដូចខាងលើ បន្ទាប់ពីត្រូវបានសួរសំណួរថា តើការបន្តធ្វើសមយុទ្ធយោធារបស់ចិន នៅជុំវិញតៃវ៉ាន់ ស្របទៅតាមច្បាប់អន្តរជាតិដែរឬអត់ ហើយថាតើនឹងមានការចេញសារជូនដំណឹងថ្មី សម្រាប់កប៉ាល់និងយន្តហោះស៉ីវិលឬទេ។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ យោធាចិនបានប្រកាសពី ការបន្តធ្វើសមយុទ្ធយោធាផ្លូវសមុទ្រនិងផ្លូវអាកាស នៅជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីវាបានប្រព្រឹត្តទៅអស់ជាច្រើនថ្ងៃមកហើយ ដើម្បីជាការឆ្លើយតបចំពោះ ដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) នៅតៃវ៉ាន់ កាលពីថ្ងៃអង្គារ-ពុធសប្តាហ៍មុន៕