(តៃប៉ិ)៖ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិនកំពុងប្រើសមយុទ្ធយោធា ដែលខ្លួនប្រារព្ធធ្វើឡើង សំដៅប្រឆាំងនឹងដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី នោះ ធ្វើជាលេសដើម្បីរៀបចំការឈ្លានពានលើដែនកោះនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២។

លោក ចូសេប វូ (Joseph Wu) បានប្រាប់សន្នសីទសារព័ត៌មាន នៅក្នុងទីក្រុងតៃប៉ិថា តៃវ៉ាន់មិនចុះចាញ់ការបំភិតបំភ័យនោះឡើយ បើទោះបីជាសមយុទ្ធយោធាចិន នៅតែបន្តរំលោភបំពានលើខ្សែបន្ទាត់មេដ្យាន លើច្រកសមុទ្រតៃវ៉ាន់ក៏ដោយ។ លោក វូ បានគូសបញ្ជាក់ថា «ប្រទេសចិនបានប្រើសមយុទ្ធនេះ.......ជាការត្រៀមសម្រាប់ឈ្លានពានតៃវ៉ាន់» ហើយលោក ក៏បានអំពាវនាវដល់អន្តរជាតិ ផ្តល់ការគាំទ្រសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ផងដែរ។

គួរបញ្ជាក់ថា ទីបញ្ជាការភូមិភាគខាងកើតរបស់យោធាចិន បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួននឹងធ្វើសមយុទ្ធចម្រុះបន្តទៀត ដែលផ្តោតលើ ប្រតិបត្តិការប្រឆាំងនាវាមុជទឹក និងការវាយប្រហារតាមសមុទ្រ បន្ទាប់ពីក្រុមអ្នកវិភាគ និងអ្នកការទូតមួយចំនួន បានបង្ហាញក្តីបារម្ភថា ទីក្រុងប៉េកាំង អាចនឹងបន្តរក្សាសម្ពាធលើតៃវ៉ាន់៕