(ប៉េកាំង)៖ នៅថ្ងៃពុធនេះ ចិនបានបាញ់បង្ហោះផ្កាយរណបថ្មីៗ ចំនួន១៦គ្រឿង ឡើងទៅកាន់ទីអវកាស ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប តៃយ័ន (Taiyuan) ដែលស្ថិតនៅខេត្ត សានស៉ី (Shanxi) ភាគខាងជើងនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។

ផ្កាយរណបទាំងអស់នោះ ត្រូវបានបាញ់បង្ហោះរួមគ្នាក្នុងជើងតែមួយ តាមរយៈគ្រាប់រ៉ុក្កែត ឡុងម៉ាច-៦ (Long March 6) កាលពីវេលាម៉ោង ១២៖៥០នាទីថ្ងៃត្រង់ (ម៉ោងនៅទីក្រុងប៉េកាំង) ហើយពួកវាត្រូវបានបញ្ជូនទៅដល់គន្លងអវកាស ដែលកំណត់ទុកនៅក្បែរផែនដី ដោយជោគជ័យ។

គួរបញ្ជាក់ថា ក្រុមផ្កាយរណបទាំង១៦គ្រឿងខាងលើ នឹងត្រូវប្រើប្រាស់ជាចម្បង នៅក្នុងផ្នែកដូចជា ការចាប់រូបភាពពីចម្ងាយ សម្រាប់បម្រើដល់វិស័យពាណិជ្ជកម្ម និងការប្រមូលទិន្នន័យទាក់ទងអាកាសធាតុ។ ដោយឡែក បេសកកម្មបញ្ជូនផ្កាយរណប នាថ្ងៃពុធនេះ គឺជាបេសកកម្មលើកទី៤៣២ សម្រាប់ត្រកូលគ្រាប់រ៉ុក្កែតដឹកជញ្ជូន Long March របស់ចិន៕