(វ៉ាស៊ីនតោន)៖ នយោបាយអាមេរិកបានរញ្ជួយសារជាថ្មី បន្ទាប់ពីភ្នាក់ងារប៉ូលិស FBI មានគ្នាប្រហែលជា៣០នាក់ បានឆ្មក់ចុះឆែកឆេរផ្ទះរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯរីសត Mar-a-Lago ក្នុងទីក្រុង Palm Beach នៃរដ្ឋ Florida។ លោក ដូណាល់ ត្រាំ ដែលត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងទីក្រុងញូយ៉ក នៅពេលប្រតិបត្តិការចុះឆែកឆេរធ្វើឡើង បានទទួលស្គាល់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថាផ្ទះរបស់លោកពិតជាត្រូវបានគ្រប់គ្រង និងឆែកឆេរដោយភ្នាក់ងារ FBI មួយក្រុម។

មកទល់នឹងពេលនេះ មានព័ត៌មានតិចតួចបំផុតពាក់ព័ន្ធនឹងប្រតិបត្តិការចុះឆែកឆេរផ្ទះលោក ត្រាំ។ ក៏ប៉ុន្តែ ដើម្បីទទួលបានដីកាឆែកឆេរ ពិតណាស់ក្រុមអ្នកស៊ើបអង្កេត ប្រាកដជាបានបង្ហាញដល់ចៅក្រម នូវមូលហេតុដែលអាចនាំឱ្យកើតមានបទល្មើស ឬមានភស្តុតាងនៃបទល្មើសមានទីតាំងស្ថិតនៅឯរីសត Mar-a-Lago របស់លោក ដូណាល់ ត្រាំ។ គេនៅចាំបានថាកាលពីឆ្នាំ២០១៥ បេក្ខជនប្រធានាធិបតីដែលស្ថិតនៅក្រោមការស៊ើបអង្កេតទាក់ទងនឹងឯកសារសម្ងាត់ជាតិ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន រីឯនាយក FBI នៅពេលនោះគឺលោក ជែម ខូមី (James Comey) ហើយនៅឆ្នាំ២០២២ រឿងនេះបានធ្លាក់លើលោក ដូណាល់ ត្រាំវិញម្ដង ដោយនៅពេលនេះនាយក FBI គឺលោក គ្រីស្ដូហ្វឺ ហ្វ្រេ (Christopher Wray) ជាមនុស្សម្នាក់ដែលលោក ត្រាំផ្ទាល់ជាអ្នកជ្រើសរើសឱ្យដឹកនាំស្ថាប័នប៉ូលិលអាមេរិកមួយនេះតាំងតែពីឆ្នាំ២០១៧។

* តើហេតុអ្វី FBI ឆ្មក់ឆែកឆរផ្ទះលោក ត្រាំ?

បច្ចុប្បន្ន មានព័ត៌មានតិចតួចបំផុតពាក់ព័ន្ធនឹងប្រតិបត្តិការចុះឆែកឆេរផ្ទះលោក ដូណាល់ ត្រាំ។ បើតាមសារព័ត៌មានអាមេរិកធំៗដូចជា CNN និង New York Times ភ្នាក់ងារប៉ូលិស FBI បានឆ្មក់ឆែកឆេរផ្ទះលោក ត្រាំ ដើម្បីស្វែងរកឯកសារ និងសម្ភារមួយចំនួនដែលលោក ត្រាំ បានយកចេញពីសេតវិមាននៅពេលលោកចាកចេញពី តំណែង យកទៅទុកនៅឯផ្ទះរបស់លោក ក្នុងរីសត Mar-a-Lago នៃទីក្រុង Palm Beach រដ្ឋ Florida។

ឯកសារទាំងនោះរួមទាំងឯកសារម្ងាត់ និងឯកសារខ្លះទៀតដែលស្ថិតនៅក្រោមច្បាប់កំណត់ត្រាប្រធានាធិបតី (Presidential Records Act) ដែលតម្រូវឱ្យ និងបានចែងថា ឯកសារផ្លូវការប្រធានាធិបតីត្រូវប្រគល់ជូនមជ្ឈមណ្ឌឯកសារជាតិ (National Archives) នៅពេលប្រធានាធិបតីបញ្ចប់អាណត្តិរបស់ខ្លួន។ មែនទែនទៅ កាលពីខែមករា ដើមឆ្នាំ២០២២នេះ មជ្ឈមណ្ឌឯកសារជាតិ បានទទួលឯកសារចំនួន ១៥ហិបពីលោក ដូណាល់ ត្រាំ ប៉ុន្តែនៅតែមានការសង្ស័យថានៅមានឯកសារជាច្រើនបន្តស្ថិតនៅក្នុង ផ្ទះលោក ត្រាំ។ ដូច្នេះទើបមជ្ឈមណ្ឌលឯកសារជាតិ បានរាយការណ៍ប្រាប់សភា ហើយកាលពីថ្ងៃទី៣ ខែមិថុនាកន្លងទៅ មានសេចក្ដីរាយការណ៍ពីជំនួបសម្ងាត់រវាង ក្រុមអ្នកស៊ើបអង្កេតមកពីក្រសួងយុត្តិធម៌អាមេរិក និងក្រុមមេធាវីលោក ត្រាំ នៅរីសត Mar-a-Lago។ FBI ក៏បានសង្ស័យដែរថាលោក ត្រាំ នៅតែបន្តកាន់កាប់ឯកសារសម្ងាត់ ជាច្រើន។

* តើលោក ត្រាំ អាចប្រឈមមុខនឹងបទចោទអ្វី?

ជាថ្មីម្ដងទៀត គេមិនទាន់ដឹងថាតើ FBI មាន ឬប្រមូលបានភស្ដុតាងរឹងមាំប៉ុនណា នៅក្នុងពេលឆ្មក់ចូលឆែកឆេរផ្ទះលោក ត្រាំ នោះទេ។ តែទោះជាបែបនេះក្ដី ប្រសិនបើគេ រកឃើញថាអតីតប្រធានាធិបតីអាមេរិករូបនេះ ពិតជាបានប្រព្រឹត្តបទល្មើសមែន នោះលោក ត្រាំ អាចនឹងប្រឈមមុខនឹងការចោទប្រកាន់ពីបទបំពានច្បាប់សហព័ន្ធមួយដែល បានចែងពីការដាក់ទោសទណ្ឌលើ «អ្នកដែលមានចេតនា និងលាក់បាំងដោយខុសច្បាប់ លុបចោល កម្ទេច ឬបំផ្លាញចោល ឬក៏យកឯកសារសម្ងាត់សហព័ន្ធយកទៅទុកនៅ កន្លែងដែលច្បាប់មិនអនុញ្ញាត»។ ដូច្នេះប្រសិនបើលោក ត្រាំ ត្រូវបានគេរកឃើញទោសកំហុសមែន នោះលោកអាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់ និងជាប់ពន្ធនាគារ ៣ឆ្នាំ។

* តើលោក ត្រាំ អាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីជាថ្មីដែរទេ បើត្រូវបានចោទប្រកាន់ ឬផ្ដន្ទាទោស?

នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ដូចដែលបានរៀបរាប់ខាងលើ ច្បាប់នេះអាចដាក់ទណ្ឌកម្មដកហូតសិទ្ធិពីការកាន់តំណែងរាល់មន្ត្រីនៅក្នុងសហរដ្ឋអាមេរិក។ តែទោះជា យ៉ាងណាក៏ដោយ បញ្ហាសំខាន់ គឺនៅត្រង់រដ្ឋធម្មនុញ្ញអាមេរិកដែលបានចែងយ៉ាងច្បាស់ពីគុណសម្បត្តិសម្រាប់តំណែងប្រធានាធិបតី និងចែងដាច់ដោយឡែកពីគ្នានៃនីតិវិធី ដកតំណែងប្រធានាធិបតី ឬដកហូតសិទ្ធិមិនឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។

បានន័យថាទោះបីជាលោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ ឬផ្តន្ទាទោសនៅក្រោមច្បាប់ខាងលើក៏ដោយ ក៏គេមិនប្រាកដនោះដែរថាតើរដ្ឋធម្មនុញ្ញអាមេរិកនឹងអនុញ្ញាតឱ្យ រូបលោកត្រូវបានគេដកហូតសិទ្ធិឈរឈ្មោះដោយមិនចាប់បាច់ឆ្លងកាត់នីតិវិធី «impeachment» ឬក៏យ៉ាងណានោះទេ។ ពីព្រោះដើម្បីដកតំណែង ឬដកហូតសិទ្ធិឈរឈ្មោះជា បេក្ខជនប្រធានាធិបតី គឺត្រូវធ្វើឡើងតាមនីតិវិធីដកតំណែងប្រធានាធិបតីដែលគេហៅថា «impeachment» ដោយតាមនោះសភាតំណាងរាស្ត្រអាមេរិកជាអ្នកចោទប្រកាន់ ដកតំណែង រីឯព្រឹទ្ធសភាជាអ្នកផ្ដន្ទាទោស និងសម្រេចចិត្តថាបុគ្គលម្នាក់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការកាន់តំណែងជាមន្ត្រីសហព័ន្ធ ឬប្រធានាធិបតី។

គួរបញ្ជាក់ថា ការឆ្មក់ឆែកឆេរផ្ទះរបស់លោក ដូណាល់ ត្រាំ កើតឡើងនៅចំពេលលោក ត្រាំផ្ទាល់ធ្លាប់បានបង្ហើបពីចេតនាចង់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាងឱ្យ គណបក្សសាធារណរដ្ឋនៅឆ្នាំ២០២៤ខាងមុខ និងនៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិចូលមកដល់នៅខែវិច្ឆិកា ឆ្នាំ២០២២។ ដូច្នេះហើយទើបគណបក្សសាធារណរដ្ឋ និងក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានចោទប្រកាន់ថាប្រតិបត្តិការរបស់ FBI បង្កប់នូវចេតនានយោបាយ។ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ មេដឹកនាំសំឡេងភាគតិចសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ លោក ខេវីន ម៉ាកខាធី (Kevin McCarthy) បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំយល់ថាវាគ្រប់គ្រាន់ហើយ។ ក្រសួងយុត្តិធម៌បានធ្វើសកម្មភាពនយោបាយដែលមិនអាចអត់ឱនឱ្យបាន»។ បន្ថែមពីលើនេះ លោក ម៉ាកខាធី ក៏បានព្រមានដែរថានៅពេលដែលគណបក្សសាធារណរដ្ឋ គ្រប់គ្រងសភាតំណាងរាស្ត្រ នោះពួកគេនឹងបើកការស៊ើបអង្កេតលើក្រសួងយុត្តិធម៌អាមេរិក និងមន្ត្រីប៉ូលិស FBI ដែលមានជាប់ពាក់ព័ន្ធនឹងការចុះឆែកឆេរផ្ទះលោក ត្រាំ។

ក៏ប៉ុន្តែ ប្រធានសភាតំណាងរាស្ត្រអាមេរិកនៃគណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី បានរិះគន់លើសេចក្ដីថ្លែងការណ៍របស់លោក ម៉ាកខាធី ដោយលោកស្រី បញ្ជាក់ថា «គ្មាននរណាម្នាក់អាចអង្គុយលើច្បាប់បានឡើយ»។ ជាការពិតណាស់ វាដូចជាលឿនពេកក្នុងការព្យាករពីជោគវាសនានយោបាយរបស់លោក ដូណាល់ ត្រាំ។ តែអ្វី ដែលគេអាចនិយាយបាន គណបក្សសាធារណរដ្ឋ នឹងទាញយកប្រយោជន៍នយោបាយពីសំណុំរឿងឆែកឆេររបស់ FBI ហើយការបែកបាក់នៅក្នុងចំណោមគណបក្សទាំង២ អាចនឹងកាន់តែស៊ីជម្រៅឡើងផងដែរ។

ក្រៅតែពីរឿងអាស្រូវពាក់ព័ន្ធនឹងការទុកឯកសារសម្ងាត់ដោយខុសច្បាប់ លោក ត្រាំ ក៏កំពុងប្រឈមមុខនឹងរឿងក្ដីកាំ្ដជាច្រើនទៀតដែរ ដូចជាការញុះញុងក្រុមបាតុករ ឱ្យវាយប្រហារវិមានសភា កាលពីខែមករា ឆ្នាំ២០២១ ព្រមទាំងរឿងអាស្រូវគេចពន្ធនៃមុខជំនួញគ្រួសារបស់លោកដែលសុទ្ធសឹងតែជាបញ្ហាឈឺក្បាលសម្រាប់ គណបក្សសាធារណរដ្ឋ ជាពិសេសនៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិមកដល់៕