(កៀវ)៖ អ៊ុយក្រែន នៅថ្ងៃពុធសប្តាហ៍នេះបានចោទប្រកាន់រុស្ស៉ី ថាបានបាញ់ផ្លោងរ៉ុក្កែតចេញពីទីតាំងជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ ដែលខ្លួនទាហានរុស្ស៉ីបាន ដណ្ដើមកាន់កាប់ ដោយបណ្តាលឲ្យមនុស្ស ១៣នាក់ស្លាប់ និងរបួស ១០នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។

អាជ្ញាធរអ៊ុយក្រែន ក្នុងតំបន់បាននិយាយថា រុស្ស៉ីបានកំណត់យកគោលដៅលើទីក្រុង ម៉ាហាណេតស៍ (Marhanets) ជាកន្លែងដែលទីក្រុងមូស្គូ ធ្លាប់អះអាងថា អ៊ុយក្រែនបានប្រើជាទីតាំង ដើម្បីបាញ់ផ្លោងលើទាហានរុស្ស៊ីនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia)។ តាមរយៈសារជាវីដេអូ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា កងកម្លាំងអ៊ុយក្រែននឹងឆ្លើយតបចំពោះការបាញ់ផ្លោងលើទីក្រុងម៉ាហាណេតស៍ ខណៈយោធាអ៊ុយក្រែន បានបញ្ជាក់ថា រុស្ស៊ីក៏បានទម្លាក់គ្រាប់បែកលើតំបន់ជាច្រើនទៀត នៅជុំវិញរោងចក្រថាមពលនេះ រួមទាំងទីក្រុងវូឡេដា (Vuhledar) ដែលសម្បូរដោយរ៉ែធ្យូងថ្ម ផងដែរ។

ដោយអំពាវនាវដល់សម្ព័ន្ធមិត្តអន្តរជាតិ ឲ្យបញ្ជូនអាវុធកាន់តែច្រើនមកកាន់ទីក្រុងកៀវ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ទីក្រុងកៀវនឹងមិនបណ្តែតបណ្តោយ ឲ្យការបាញ់ផ្លោងរបស់រុស្ស៊ីលើតំបន់ ឌីនីប្រូប៉េត្រូវស្ក៍ (Dnipropetrovsk) កើតឡើងដោយគ្មានការឆ្លើយតបវិញនោះឡើយ»

គួរបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ី កំពុងចោទប្រកាន់គ្នាទៅវិញទៅមក អំពីការវាយប្រហារដែលបានកើតឡើង នៅតំបន់ទីតាំងរោងចក្រនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៉ីយ៉ា ក្រោយពីអង្គការឃ្លាំមើលថាមពលបរមាណូរបស់អង្គការសហប្រជាជាតិ បានចេញការព្រមានអំពីគ្រោះមហន្តរាយនុយក្លេអ៊ែរដែលអាចកើតមាន ស្របពេលដែល ក្រុមប្រទេស G7 បានប្រាប់ប្រទេសរុស្ស៊ីឲ្យប្រគល់រោងចក្រនេះទៅអ៊ុយក្រែនវិញ កាលពីថ្ងៃពុធសប្តាហ៍នេះ៕