(រីហ្កា)៖ សភានៃប្រទេសឡេតូនីនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា ខ្លួនបានប្រកាសចាត់ទុក ប្រទេសរុស្ស៉ី ជារដ្ឋគាំទ្រភេរវកម្ម ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន TASS នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២។

សេចក្តីប្រកាស ដែលចុះផ្សាយនៅលើវែបសាយរបស់សភាឡេតូនី បានលើកឡើងថា នៅថ្ងៃទី១១ ខែសីហា សភានៃប្រទេសឡេតូនី បានអនុម័តសេចក្តីថ្លែងការណ៍មួយ ដែលទទួលស្គាល់ សកម្មភាពនានារបស់កងទ័ពរុស្ស៉ី នៅក្នុងប្រទេសអ៊ុយក្រែន ជាអំពើភេរវកម្ម ហើយប្រកាសចាត់ទុកប្រទេសរុស្ស៉ី ជារដ្ឋគាំទ្រភេរវកម្ម។

គួរបញ្ជាក់ថា ទន្ទឹមគ្នានោះ សភាឡេតូនីក៏បានអំពាវនាវផងដែរដល់ បណ្តាប្រទេសទាំងអស់ ដែលជាសមាជិកនៃសហភាពអឺរ៉ុប ឱ្យផ្អាកជាបន្ទាន់នូវការចេញទិដ្ឋាការប្រភេទទេសចរណ៍ និងទិដ្ឋាការអនុញ្ញាតឱ្យចូលប្រទេស សម្រាប់ពលរដ្ឋរុស្ស៉ី ក៏ដូចជាពលរដ្ឋបេឡេរុស៕