(កៀវ)៖ កងកម្លាំងអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា ពួកគេបានវាយបកវិញប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី នៅក្នុងតំបន់ខឺសុន (Kherson) ភាគខាងត្បូង ខណៈការបាញ់ផ្លោងដោយកងកម្លាំងរុស្ស៉ីលើតំបន់ខាកៀវ (Kharkiv) ភាគខាងជើងនៃប្រទេសអ៊ុយក្រែន បានសម្លាប់ មនុស្ស ៧នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។

ការអះអាងខាងលើរបស់កងកម្លាំងអ៊ុយក្រែន ធ្វើឡើងចំពេលប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស នឹងត្រូវជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្កាន់ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុងល្វៀវ (Lviv) ស្ថិតនៅភាគខាងលិចអ៊ុយក្រែន ដើម្បីសាកល្បងស្វែងរកដំណោះស្រាយនយោបាយសម្រាប់ជម្លោះជាមួយរុស្ស៊ី និងដោះស្រាយ ការគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារសកល រួមទាំងហានិភ័យនៃគ្រោះមហន្តរាយនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ ដែលកំពុងកាន់កាប់ ដោយកងកម្លាំងរុស្ស៊ី។

ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន គឺ លោក អូឡិចស៉ី អារ៉េស្តូវ៉ិច (Oleksiy Arestovych) បានឲ្យដឹងតាមរយៈវីដេអូមួយថា «កងកម្លាំងរុស្ស៊ី សម្រេចបានគោលដៅតិចតួចប៉ុណ្ណោះ ហើយក្នុងករណីខ្លះយើងបានវាយបកវិញ។ ប៉ុន្តែអ្វីដែលយើងកំពុងមើលឃើញនាពេលនេះ នោះគឺសង្រ្គាម បច្ចុប្បន្ន គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់»

គួរបញ្ជាក់ថា សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានបណ្តាលឲ្យមនុស្សរាប់លាននាក់ត្រូវភៀសខ្លួន មនុស្សរាប់ពាន់នាក់ស្លាប់ និងធ្វើឲ្យមានការបែកបាក់ ភូមិសាស្ត្រនយោបាយកាន់តែស៊ីជម្រៅរវាងលោកខាងលិច និងរុស្ស៊ី ដែលតែងតែលើកឡើងថា គោលបំណងនៃប្រតិបត្តិការរបស់ខ្លួនគឺដើម្បី លុបបំបាត់ការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន និងការពារប្រជាជននិយាយភាសារុស្ស៊ី៕