(ឡុងដ៏)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានលើកឡើងថា ការរើសជាតិសាសន៍ និងពណ៌សម្បុរ អាចជាមូលហេតុនៅពីក្រោយការមិនយកចិត្តទុកដាក់របស់អន្តរជាតិ ចំពោះស្ថានភាពជនស៉ីវិលដែលកំពុងឈឺចាប់ខ្លោច ផ្សា ដោយសារសង្រ្គាមនៅក្នុងតំបន់ធីហ្គ្រេ (Tigray) នៃប្រទេសអេត្យូពី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។

ដោយហៅថាជា «វិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅក្នុងពិភពលោក» ដោយមានមនុស្ស ៦លាននាក់មិនអាចទទួលបានសេវាជាមូលដ្ឋាន លោក តេដ្រូស បានចោទសួរថាហេតុអ្វីបានជាស្ថានភាពនេះមិនទទួលបានការយកចិត្តទុកដាក់ដូចជាជម្លោះនៅអ៊ុយក្រែន។ ក្នុងសន្និសីទសារព័ត៌មានតាមអនឡាញ នៅថ្ងៃពុធសប្តាហ៍នេះ លោក តេដ្រូស ដែលមានដើមកំណើតមកពីតំបន់ Tigray ដែរនោះ បានកត់សម្គាល់យ៉ាងដូច្នេះថា «ប្រហែលហេតុផលធំគឺ មកពីពណ៌សម្បុរស្បែករបស់មនុស្ស»

ប្រធានផ្នែកសង្រ្គោះបន្ទាន់របស់ WHO លោក ម៉ៃក៍ រ៉ៃអេន (Mike Ryan) ក៏បានលើកឡើងផងដែរចំពោះការខ្វះខាតជាក់ស្តែងលើការព្រួយបារម្ភអំពី គ្រោះរាំងស្ងួត និងគ្រោះទុរ្ភិក្សដែលកំពុងកើតមាននៅតំបន់អាហ្រ្វិកកណ្តាល រួមទាំងវិបត្តិសុខភាពដែលកំពុងកើនឡើង។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានអំពាវនាវរកថវិកាចំនួន ១២៣.៧លានដុល្លារ ដើម្បីដោះស្រាយបញ្ហាសុខភាពដែលបណ្តាលមកពីការកើនឡើង នៃកង្វះអាហារូបត្ថម្ភ ក្នុងតំបន់អាហ្វ្រិកដែលមានមនុស្សរាប់លាននាក់កំពុងប្រឈមមុខនឹងគ្រោះទុរ្ភិក្ស៕