(ហែលស៉ិនគី)៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី សាន់ណា ម៉ារីន (Sanna Marin) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថាលោកស្រីមាន ការខកចិត្ត ដែលវីដេអូរាំរបស់ខ្លួននៅឯពិធីជប់លៀងជាលក្ខណៈឯកជនមួយត្រូវបានផ្សព្វផ្សាយនៅលើអ៉ីនធឺណិត ខណៈដែលមានតែក្នុងចំណោម មិត្តភក្តិរបស់លោកស្រីប៉ុណ្ណោះដែលអាចបានឃើញនូវវីដេអូនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។

ឃ្លីបវីដេអូនេះដំបូងឡើយត្រូវបានបង្ហោះចូលទៅក្នុងគណនី Instagram ឯកជន។ លោកស្រី សាន់ណា ម៉ារីន អាយុ៣៦ឆ្នាំ ដែលបានក្លាយជាមេដឹកនាំ រដ្ឋាភិបាលវ័យក្មេងបំផុតរបស់ពិភពលោក នៅក្នុងខែធ្នូ ឆ្នាំ ២០១៩ បាននិយាយថា លោកស្រីដឹងថាត្រូវបានគេថត ប៉ុន្តែមិនដែលគិតថាវីដេអូនេះនឹង បង្ហាញជាសាធារណៈនោះទេ។ លោកស្រី ម៉ារីន បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «វីដេអូទាំងនេះគឺមានលក្ខណៈឯកជន ហើយថតក្នុងទីធ្លា ឯកជន»។ លោកស្រីមិនដឹងថានរណាជាអ្នកធ្វើឲ្យបែកធ្លាយវីដេអូឡើយ។

គួរបញ្ជាក់ថា បន្ទាប់ពីវីដេអូរយៈពេល ២នាទីនៃការច្រៀង និងរាំរបស់លោកស្រី ម៉ារីន ជាមួយក្រុមអ្នកមានឥទ្ធិពល និងសិល្បករក្នុងស្រុកល្បីៗត្រូវបាន ផ្សព្វផ្សាយនៅលើបណ្តាញសង្គម ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរបស់ហ្វាំងឡង់ កាលពីថ្ងៃពុធសប្តាហ៍នេះ។ ទោះជាកាសែតក្នុងស្រុកមួយចំនួន បានចុះផ្សាយដោយលើកឡើងពីការវិនិច្ឆ័យចំពោះឋានៈរបស់លោកស្រីក្តី ប៉ុន្តែប្រជាជនហ្វាំងឡង់ភាគច្រើនបានសម្តែងការគាំទ្រដល់អ្នកដឹកនាំវ័យក្មេង រូបនេះ សម្រាប់ការចំណាយពេលក្នុងជីវិតឯកជន ក្នុងពេលកាន់មុខតំណែងដ៏មានទំនួលខុសត្រូវច្រើនរបស់លោកស្រី៕

ទស្សនាវិដេអូខាងក្រោមនេះ៖