(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃសុក្រ បានជំរុញឱ្យភាគីអាមេរិកកុំគណនាខុសលើការប្តេជ្ញាចិត្តរបស់ប្រទេសចិន ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។

លោក Wang បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink ដែលបាននិយាយអំពីការឆ្លើយតបរបស់ប្រទេសចិន ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។

លោក Wang បាននិយាយថា «ទាក់ទងនឹងដំណើរទស្សនកិច្ចបង្កហេតុរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់របស់ចិន បរិបទ បុព្វហេតុ និងដំណើរនៃព្រឹត្តិការណ៍នេះ គឺច្បាស់ចែស»

លោក Wang បាននិយាយថា ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់របស់ចិន ចំពោះការបង្កហេតុរបស់សហរដ្ឋអាមេរិក គឺសមហេតុផល ត្រឹមត្រូវតាមច្បាប់ និងយុត្តិធម៍ ដែលត្រូវបានយល់យ៉ាងទូលំទូលាយ និងគាំទ្រដោយសហគមន៍អន្តរជាតិ។ សម្រាប់ភាគីអាមេរិក មានដំណោះស្រាយតែមួយគត់សម្រាប់បញ្ហានេះ គឺត្រឡប់ទៅគោរពគោលការណ៍ចិន-អាមេរិកទាំងបីឡើងវិញ។

លោក Wang បានបន្ថែមថា «យើងមានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់យើង។ យើងជំរុញឱ្យភាគីសហរដ្ឋអាមេរិកកុំគណនាខុសលើបញ្ហានេះ»