(ញូយ៉ក)៖ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងទីក្រុងញូយ៉ក កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រមុខការទូតចិនលោក វ៉ាង យី បានលើកឡើងថា ទីក្រុងវ៉ាស៉ីនបាននិងកំពុងបញ្ជូនសញ្ញា ដែលប្រកបដោយភាពគ្រោះថ្នាក់ និងការយល់ច្រឡំស្តីពីបញ្ហាកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២។

មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តៃវ៉ាន់គឺជាប្រធានបទចម្បង នៃកិច្ចពិភាក្សារយៈពេល៩០នាទី រវាងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន ហើយនិងលោក លោក វ៉ាង យី។ មន្រ្តីដដែលបាននិយាយថា «លោកប្រមុខការទូតអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា ដោយស្របតាមគោលនយោបាយចិនតែមួយដ៏យូរអង្វែងរបស់យើង ហើយវាមិនមានការប្រែប្រួលអ្វីទាំងអស់ គឺការរក្សាសុខសន្តិភាពនិងស្ថិរភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ជារឿងដ៏សំខាន់ជាទីបំផុត»

បើតាមក្រសួងការបរទេសចិនវិញ ក្នុងជំនួបខាងលើថា លោក វ៉ាង បានប្រាប់លោក ប្លីងខិន ថា សហរដ្ឋអាមេរិកបាននិងកំពុងបញ្ជូនសញ្ញា ដែលគ្រោះថ្នាក់ខ្លាំងហើយអាចបង្កការយល់ច្រឡំធំ ស្តីពីបញ្ហាកោះតៃវ៉ាន់។ ម៉្យាងវិញទៀត ប្រសិនបើសកម្មភាពចង់បានឯករាជ្យរបស់តៃវ៉ាន់ នៅតែពុះកញ្រ្ជោលខ្លាំង នោះលទ្ធភាពនៃការស្វែងរកដំណោះស្រាយ ក៏នឹងកាន់តែតិចទៅៗផងដែរ។ លោក វ៉ាង យី បានបន្តថា បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ដូច្នេះសហរដ្ឋអាមេរិក មិនមានសិទ្ធិអ្វីក្នុងការជ្រៀតជ្រែកលើ មធ្យោបាយដោះស្រាយបញ្ហារបស់ចិននោះទេ។

គួរបញ្ជាក់ថា ភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់ បានកើនឡើងកម្តៅជាខ្លាំង បន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី បានទៅបំពេញទស្សនកិច្ចនៅទីនោះ កាលពីដើមខែសីហា ហើយចិនបានឆ្លើយតបវិញ តាមរយៈការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយរួមមានទាំងការបាញ់មីស៉ីលរំលងតៃវ៉ាន់ ថែមទៀតផង។ រីឯថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទើបតែបានអះអាងម្តងទៀតថា សហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើដែនកោះនេះ រងការវាយប្រហារពីចិន៕