(កៀវ)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អ៊ុយក្រែនបានប្រកាសថា ខ្លួននឹងកាត់បន្ថយកម្រិតទំនាក់ទំនងការទូតជាមួយអ៉ីរ៉ង់ ជុំវិញការដែលទីក្រុងតេហេរ៉ង់ ផ្គត់ផ្គង់យន្តហោះដ្រូនឱ្យដល់កងទ័ពរុស្ស៉ី ក្នុងទង្វើមួយដែលប្រធានាធិបតីអ៊ុយក្រែនហៅថា ជាការចូលដៃចូលជើងជាមួយបិសាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២។

ទាំងអ៊ុយក្រែននិងសហរដ្ឋអាមេរិក បានចោទអ៉ីរ៉ង់អំពីការផ្គត់ផ្គង់ យន្តហោះដ្រូនផ្សេងៗឱ្យទៅអ៊ុយក្រែន ជាការចោទប្រកាន់ដែល ទីក្រុងតេហេរ៉ង់បានបដិសេធ។ យ៉ាងណាក្តី ប្រធានាធីបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា មកទល់ពេលនេះ យន្តហោះដ្រូនដែលផលិតដោយអ៉ីរ៉ង់សរុប ៨គ្រឿង ត្រូវបានបាញ់ធ្លាក់ក្នុងសង្រ្គាមជាមួយរុស្ស៉ី។ លោក ហ្សេលេនស្គី បានលើកឡើងថា «កងទ័ពរុស្ស៉ីបានប្រើប្រាស់ដ្រូនអ៉ីរ៉ង់ ក្នុងការវាយប្រហាររបស់ខ្លួន។ ពិភពលោកនឹងបានដឹងច្បាស់ ពីការសមគំនិតនានាជាមួយពួកបិសាច ហើយទង្វើបែបនោះ នឹងទទួលរងផលវិបាកដែលសមស្របត្រឡប់ទៅវិញ»

នៅលើវែបសាយរបស់ខ្លួន ក្រសួងការបរទេសអ៊ុយក្រែន បានប្រកាសថា «ឆ្លើយតបចំពោះទង្វើអមិត្តបែបនេះ ភាគីអ៊ុយក្រែនសម្រេចថា នឹងដកហូតការទទួលស្គាល់ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ ព្រមទាំងកាត់បន្ថយចំនួនបុគ្គលិកការទូត ដែលបម្រើការនៅស្ថានទូតអ៉ីរ៉ង់ក្នុងទីក្រុងកៀវ»។ សារស្តីពីដំណឹងនេះ ត្រូវបានបញ្ជូនឱ្យអគ្គរដ្ឋទូតអ៉ីរ៉ង់ស្តីទី ដ្បិតបេសកជនអចិន្រ្តៃយ៍ លោក ម៉ានូឆេហឺ ម៉ូរ៉ាឌី (Manouchehr Moradi) ខណៈនេះមិនស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន៕