(សេអ៊ូល)៖ កូរ៉េខាងជើង នៅព្រឹកថ្ងៃអាទិត្យនេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន នៅមុនគម្រោងធ្វើ សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ព្រមទាំងដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស មកកាន់ទីក្រុង សេអ៊ូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២។

បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដ គឺជាប្រភេទមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ដែលត្រូវបានបាញ់ចេញពីតំបន់ Taechon នៃខេត្តព្យុងហ្កាន់ភាគខាងជើង (North Pyongan) នៅមុនម៉ោង៧ ព្រឹកថ្ងៃអាទិត្យ និងបានធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន។ ដោយឡែក ខាងយោធាជប៉ុន ក៏បានឱ្យដឹងដែរថាមីស៊ីលបាលិស្ទីគមួយគ្រាប់នេះហោះបានរយៈពេលកម្ពស់អតិបរមា ៥០គីឡូម៉ែត្រ និងហោះតាមគន្លងបាញ់ធម្មតា មុននឹងធ្លាក់នៅក្រៅតំបន់ សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។

គួរបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Ronald Reagan បានធ្វើដំណើរមកដល់កូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមគ្នា និងនៅមុនដំណើរទស្សនកិច្ចរបស់លោកស្រី កាម៉ាឡា ហារីស មកកាន់ទីក្រុង សេអ៊ូល នៅសប្ដាហ៍ក្រោយនេះ។