(យូអិន)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងប្រឡែងលេងជាមួយភ្លើងជុំវិញកោះតៃវ៉ាន់ នៅក្នុងសុន្ទរកថាមួយ រិះគន់ចំៗលើទីក្រុងវ៉ាស៊ីនតោន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ២៥ ខែកញ្ញា ឆ្នាំ២០២២។

លោក សឺហ្គៃ ឡាវរ៉ូវ ក៏បាននិយាយដែរថាសហរដ្ឋអាមេរិក បាន និងកំពុងដាក់តំបន់អាស៊ីឱ្យស្ថិតនៅក្រោមចំណុះរបស់ខ្លួន ហើយការលើកឡើងបែបនេះគឺលោកចង់ សំដៅទៅលើការបង្កើតសម្ព័ន្ធភាពឥណ្ឌូប៉ាស៊ីហ្វិករបស់ទីក្រុងវ៉ាស៊ីនតោន។ លោក ឡាវរ៉ូវ បានបន្ថែមដូច្នេះថា «ពួកគេ (អាមេរិក) កំពុងប្រឡែងលេងជាមួយភ្លើង ជុំវិញកោះតៃវ៉ាន់ ជាមួយការសន្យាផ្ដល់ការគាំទ្រផ្នែកយោធាឱ្យតៃវ៉ាន់»។

គួរបញ្ជាក់ថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន បានកើនឡើងខ្លាំង ក្រោយប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ច នៅតៃវ៉ាន់ កាលពីខែសីហាកន្លងទៅ។ ចាប់តាំងពីពេលនោះមក ចិនត្រូវបានគេរាយការណ៍ថាបានបង្កើនការធ្វើសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ រីឯលោក ពូទីន ក៏ធ្លាប់បានបង្ហាញជំហរគាំទ្រចិនត្រង់ៗផងដែរ៕