(យូអិន)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានទទូចឱ្យរុស្ស៉ី និងអ៊ុយក្រែន កុំបណ្ដោយឱ្យសង្រ្គាមសព្វថ្ងៃរីករាលដាលកាន់តែធំ ជាមួយការអំពាវនាវឱ្យមាន ដំណោះស្រាយការទូត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងក្នុងសុន្ទរកថាមួយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក វ៉ាង យី បានគូសបញ្ជាក់ដូច្នេះថា «យើងអំពាវនាវឱ្យគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ទប់ស្កាត់កុំឱ្យសង្រ្គាមផ្ទុះរាលដាលកាន់តែធំ ព្រមទាំងការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍»។ លោកបន្តថាចិន តែងតែគាំទ្រជានិច្ចដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយការទូតសម្រាប់សង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា កំលុងដំណើរទស្សនកិច្ចនៅឯអង្គការសហប្រជាជាតិ លោក វ៉ាង យីក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា ជាលើកដំបូងផងដែរ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក៕