(គែរ)៖ ទូរទស្សន៍រដ្ឋស៊ីរី បានឱ្យដឹងថាចំនួនមនុស្សស្លាប់ នៅក្នុងហេតុការណ៍លិចទូកដឹកជនភៀសខ្លួនមួយគ្រឿង នៅក្បែរតំបន់ឆ្នេរសមុទ្រស៊ីរី បន្ទាប់ពីទូកនេះធ្វើដំណើរ ចាកចេញពីប្រទេសលីបង់ កាលពីដើមសប្ដាហ៍កន្លងទៅនេះ បានកើនដល់ ៩៤នាក់ហើយ ក្រោយសាកសពមនុស្សជាច្រើននាក់ត្រូវបានគេស្រង់ចេញពីទឹកនៅឯតំបន់ឆ្នេរ បានីយ៉ាស់ (Baniyas) នៃប្រទេសស៊ីរី។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២។

នេះគឺជាហេតុការណ៍លិចទូកដែលបណ្ដាលឱ្យជនភៀសខ្លួនមកពីប្រទេសលីបង់ ស្លាប់ច្រើនបំផុតមិនធ្លាប់មាន ខណៈប្រទេសមួយនេះកំពុងជួបវិបត្តិសេដ្ឋកិច្ចដែលបង្ខំឱ្យ ប្រជាជនលីបង់មួយចំនួនប្រថុយនឹងគ្រោះថ្នាក់ឆ្លងកាត់សមុទ្រ ក្នុងគោលបំណងទៅដល់បណ្ដាប្រទេសអឺរ៉ុប។ មនុស្ស១៤នាក់ ក៏ត្រូវបានគេជួយសង្រ្គោះផងដែរ។

អាជ្ញាធរស៊ីរី បានចាប់ផ្ដើមស្វែងរកសាកសពជនរងគ្រោះនៅតំបន់ឆ្នេរនៃភាគខាងជើងទីក្រុង តាទូស (Tartus) តាំងតែពីរសៀលថ្ងៃព្រហស្បតិ៍កន្លងទៅមកម្ល៉េះ ហើយ ក្រសួងដឹកជញ្ជូនស៊ីរី ដោយផ្អែកលើអ្នកនៅរស់រានមានជីវិត បានឱ្យដឹងថាទូកដឹកជនភៀសខ្លួនខាងលើបានធ្វើដំណើរចាកចេញពីតំបន់ មីនយេះ (Minyeh) ស្ថិតនៅភាគខាងជើងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ដោយផ្ទុកមនុស្សពី១២០នាក់ ដល់១៥០នាក់ ក្នុងគោលបំណងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប៕