(រ៉ូម)៖ ការិយាល័យបោះឆ្នោតនៅក្នុងប្រទេសអ៉ីតាលី បានបើកទ្វារហើយនៅថ្ងៃអាទិត្យនេះ សម្រាប់ការបោះឆ្នោតសកលមួយដែលត្រូវបានគេព្យាករថានឹងធ្វើឱ្យអ៉ីតាលី ត្រឡប់ទៅរកការដឹកនាំដោយរដ្ឋាភិបាលស្ដាំនិយមជ្រុល ចាប់តាំងពីសង្រ្គាមលោកលើកទី២មក ហើយក៏អាចនឹងមាននាយករដ្ឋមន្ត្រីជាស្ត្រីដំបូងផងដែរ។ នេះបើតាមការចេញ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២។

ការបោះឆ្នោតបានចាប់ផ្ដើមដំណើរការនៅម៉ោង ៧៖០០នាទីព្រឹកថ្ងៃអាទិត្យនេះ ហើយនឹងបញ្ចប់នៅម៉ោង ១១៖០០នាទីយប់ថ្ងៃដដែល ជាពេលដែលលទ្ធផលបោះឆ្នោតត្រូវ ចេញផ្សាយជាបណ្ដើរៗ។

គួរបញ្ជាក់ថា បើតាមការស្ទង់មតិលើកចុងក្រោយបំផុត នៅក្នុងការបោះឆ្នោតនេះ គណបក្សសម្ព័ន្ធស្ដាំនិយមជ្រុល គឺគណបក្ស Brothers of Italy ដឹកនាំដោយលោកស្រី ជកយ៉ា មេឡូនី (Giorgia Meloni) ហើយលោកស្រីក៏ត្រូវបានគេរំពឹងខ្ពស់ថាអាចនឹងជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុតរបស់អ៉ីតាលីផងដែរ៕