(បារីស)៖ ផ្សែងខ្មៅហុយឡើងពេញទីក្រុងប៉ារីស ខណៈដែលឃ្លាំងនៃទីផ្សារផលិតផលដ៏ធំបំផុតរបស់ពិភពលោក ដែលផ្គត់ផ្គង់អាហារស្រស់ៗភាគច្រើននៅក្នុង និងជុំវិញរដ្ឋធានីរបស់ប្រទេសបារាំង បានឆាបឆេះនៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន ABC នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២។

ក្រុមអ្នកពន្លត់អគ្គីភ័យបានជំរុញប្រជាជន ឱ្យនៅឆ្ងាយពីកន្លែងកើតហេតុ នៅជាយក្រុងប៉ារីសភាគខាងត្បូង ខណៈដែលប៉ូលីសចំនួន ១០០នាក់ និងរថយន្តពន្លត់អគ្គីភ័យចំនួន ៣០គ្រឿង បានប្រតិបត្តិការពន្លត់អគ្គីសនី នៅផ្សារអន្តរជាតិ Rungis។

លោក Mark Lemoyne អ្នកនាំពាក្យសេវាអគ្គីភ័យក្រុងប៉ារីសបាននិយាយថា គ្មាននរណាម្នាក់រងរបួសទេ។ លោកបានបន្តថា ភ្លើងស្ថិតនៅក្រោមការគ្រប់គ្រង ហើយមិនមានហានិភ័យរាលដាលដល់ទីលានបាល់ទាត់ដែលមានផ្ទៃក្រឡា ៧,០០០ម៉ែត្រការ៉េ នៅក្បែរនោះឡើយ។

លោកបានបន្ថែមថា មូលហេតុនៃការឆាបឆេះនេះមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែនឹងធ្វើស៊ើបអង្កេត។

ផ្សារលក់ដុំដ៏ធំទូលាយនេះ គឺប្រៀបបានជាទីក្រុងដ៏ពិតប្រាកដមួយ ដែលមានមនុស្សជាង ១២,០០០នាក់ធ្វើការនៅទីនោះ និងមានឃ្លាំងផ្ទុកបន្លែ ផ្លែឈើ អាហារសមុទ្រ សាច់ ទឹកដោះគោ និងផ្កាពីប្រទេសបារាំង និងជុំវិញពិភពលោក៕