(មូស្គូ)៖ រុស្ស៉ី បាន និងកំពុងត្រៀមដាក់បញ្ចូលទឹកដីអ៊ុយក្រែន ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនឆាប់ៗនេះ ក្រោយប្រកាសពីជ័យជម្នះនៃការបោះឆ្នោតឆ្នោតប្រជាមតិ តំបន់ចំនួន៤ នៃប្រទេសអ៊ុយក្រែន ខណៈទីក្រុងកៀវ និងប្រទេសលោកខាងលិចបានហៅការបោះឆ្នោតប្រជាមតិជាទង្វើខុសច្បាប់។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។

នៅឯទីលានក្រហមនៃទីក្រុងមូស្គូ មានដាក់បង្ហាញនូវអេក្រង់វីដេអូយក្សបំពាក់ផ្ទាំងប៉ាណូដែលសរសេរថា «តំបន់ដូណេត (Donetsk), លូហាន់ (Luhansk), ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia), ខឺសុន (Kherson) ជារបស់រុស្ស៉ី»។ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រកាសពីការបញ្ចូលឧបសម្ព័ន្ធទាំង៤នេះ ក្នុងសុន្ទរកថានារយៈពេលប៉ុន្មានថ្ងៃខាងមុខ ក្រោយពីរដ្ឋបាលដែលលើកបន្តុបដោយរុស្ស៊ី កាលពីថ្ងៃពុធសប្តាហ៍មុនបានស្នើសុំទៅកាន់លោក ពូទីន ឲ្យបញ្ចូលទឹកដី ទាំងនេះទៅក្នុងប្រទេសរុស្ស៊ី ជាផ្លូវការ។

គួរបញ្ជាក់ថា រុស្ស៊ីបាននិយាយថាការបោះឆ្នោតប្រជាមតិខាងលើនេះធ្វើឡើងដោយការស្ម័គ្រចិត្តស្របតាមច្បាប់អន្តរជាតិ ហើយចំនួនអ្នកទៅបោះឆ្នោតមានច្រើន។ តែប្រជាមតិ និងគំនិតនៃការបញ្ចូលឧបសម្ព័ន្ធបែបនេះត្រូវបានច្រានចោល ព្រមទាំងរងការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់អ៊ុយក្រែន និងបណ្ដាប្រទេសលោកខាងលិច ដូចគ្នាទៅនឹងពេលដែលរុស្ស៉ីក្រសោបយកតំបន់គ្រីមៀ ពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤៕