(ហ្សាកាតា)៖ ប្រធានទីភ្នាក់ងារផលិតផលអាហារ និងថ្នាំពេទ្យរបស់ប្រទេសឥណ្ឌូណេស៉ី (BPOM) បាននិយាយថ្ងៃពុធសប្តាហ៍នេះថា ឥណ្ឌូណេស៊ីបានអនុម័តវ៉ាក់សាំងកូវីដ ១៩ ដែលផលិតក្នុងស្រុកជាលើកដំបូងរបស់ខ្លួនសម្រាប់ការប្រើប្រាស់បន្ទាន់ ចំពោះមនុស្សដែលមានអាយុលើសពី១៨ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។

វ៉ាក់សាំងអ៉ីនដូវ៉ាក់ (Indovac) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថរដ្ឋរបស់ឥណ្ឌូនេស៊ី បាយអូ ហ្វាម៉ា (Bio Farma) រួមជាមួយមជ្ឈមណ្ឌលមន្ទីរពេទ្យកុមារ តិចសាស់ (Texas) សម្រាប់ការអភិវឌ្ឍន៍វ៉ាក់សាំងនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ បាយល័រ (Baylor)។ បើតាមភ្នាក់ងារព័ត៌មាន CNN ប្រចាំឥណ្ឌូនេស៉ី បានដកស្រង់សម្តីរបស់ លោកស្រី ផេននី លូគីតូ (Penny Lukito) ប្រធាន BPOM ដែលបាននិយាយថា ការអនុម័តនេះត្រូវបានផ្តល់ជាចម្បងសម្រាប់មនុស្សពេញវ័យ។

យ៉ាងនេះក្តី លោកស្រី ផេននី និងអ្នកនាំពាក្យរបស់ BPOM មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយជុំវិញដំណឹងនេះទេ។ ប៉ុន្តែកន្លងទៅ BPOM ធ្លាប់បានឲ្យដឹងថា ក្នុងខែកញ្ញានេះ ខ្លួននឹងផលិតវ៉ាក់សាំងចំនួន២០លានដូស នៅឆ្នាំ២០២២នេះ និងចំនួន ១០០លានដូស នៅឆ្នាំ២០២៤ ហើយក៏កំពុងស្វែងរកការអនុញ្ញាតជាផ្លូវការដើម្បីដាក់ឲ្យប្រើប្រាស់ផងដែរ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី ដែលមានអត្រាអ្នកឆ្លងកូវីដ ១៩ ខ្ពស់បំផុតមួយរបស់ពិភពលោកកាលពីឆ្នាំ២០២១ បានប្រើប្រាស់វ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនចិន ស៉ីណូវ៉ាក់ និងវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក ភីហ្វាហ្សឺ និងម៉ូដឺណា៕