(ប៉េកាំង)៖ កាលពីថ្ងៃទី២៨ ខែកញ្ញា វេទិកាជាន់ខ្ពស់អំពីការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ រវាងចិននិងអាហ្សង់ទីនបានប្រារព្ធធ្វើនៅក្រុងប៉េកាំង។ វេទិកានេះគឺរួមគ្នារៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងការិយាល័យរដ្ឋលេខាធិការទទួលបន្ទុក ប្រព័ន្ធសារព័ត៌មានសាធារណៈរបស់អាហ្សង់ទីន ដែលជាសកម្មភាពដ៏សំខាន់មួយ ដើម្បីអបអរសាទរខួបទី៥០ នៃការបង្កើតសម្ព័ន្ធផ្លូវទូតរវាងចិននិងអាហ្សង់ទីន និងឆ្នាំសហប្រតិបត្តិការដ៏មេត្រីភាពរវាង ចិននិងអាហ្សង់ទីនឆ្នាំ២០២២។

លោក Santiago Cafiero រដ្ឋមន្ត្រីក្រសួងការបរទេស ពាណិជ្ជកម្មអន្តរជាតិធម្មការនិងសាសនារបស់អាហ្សង់ទីន បានលើកឡើងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា ក្នុងឱកាសខួបទី៥០នៃការដែលអាហ្សង់ទីននិងចិនបង្កើតសម្ព័ន្ធផ្លូវទូត កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរក្នុងគ្រប់វិស័យ រវាងប្រទេសទាំងពីរបន្តអភិវឌ្ឍទៅមុខយ៉ាងស៊ីជម្រៅ។
ក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់និងផ្លូវ» កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការមួយចំនួន ដែលភាគីទាំងពីរអាហ្សង់ទីននិងចិនបានឈាន ដល់នឹងបង្កើនសុខសុភមង្គលរបស់ប្រជាជនអាហ្សង់ទីនឥតឈប់ឈរ ដើម្បីជំរុញការកសាងពិភពលោក ដែលកាន់តែប្រកបដោយសន្តិភាពនិងយុត្តិធម៌។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធាននិងនិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញថា សារលិខិតជូនពររបស់លោកប្រធានរដ្ឋចិន Xi Jinping និងលោក Fernández ប្រធានាធិបតីអាហ្សង់ទីន នឹងណែនាំយើងបន្តជំរុញឱ្យ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអាហ្សង់ទីនបើកទំព័រថ្មី ដើម្បីបោះជំហានទៅកាន់ទិសដៅបង្កើត សហគមន៍រួមវាសនាចិននិងអាមេរិកឡាទីន ក៏ដូចជាសហគមន៍រួមវាសនារបស់មនុស្សជាតិឥតឈប់ឈរ៕