(តូក្យូ)៖ កងកម្លាំងស្វ័យការពារ (MSDF) នៃប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា កងកម្លាំងជើងទឹកជប៉ុន ព្រមទាំង សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នឹងរួមគ្នាធ្វើសមយុទ្ធយោធា នៅថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២។

កងកម្លាំង MSDF បានបន្តថា ការធ្វើសមយុទ្ធយោធាត្រីភាគីខាងលើ ដែលរួមមានទាំងការហ្វឹកហាត់ប្រឆាំងនាវាមុជទឹកដែរនោះ នឹងប្រព្រឹត្តទៅនៅលើផ្ទៃទឹកអន្តរជាតិ ក្នុងដែនសមុទ្រជប៉ុន ដែលកូរ៉េខាងត្បូងហៅថា សមុទ្រខាងកើត។ វាគឺជាសមយុទ្ធយោធា ដែលមានការហាត់សមប្រឆាំងនាវាមុជទឹក លើកដំបូងបំផុតរវាងប្រទេសទាំង៣ គិតចាប់តាំងតែពីឆ្នាំ២០១៧មក។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អាមេរិកនិងកូរ៉េខាងត្បូង ក៏បានធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា នៅសមុទ្រខាងកើតផងដែរ ដែលវានឹងត្រូវបញ្ចប់ទៅវិញ ក្នុងថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលផ្លោងបាលីស្ទីគចំនួន២គ្រាប់ ចេញពីឆ្នេរភាគខាងកើតរបស់ខ្លួន ទៅធ្លាក់ចូលក្នុងផ្ទៃសមុទ្រ មុនអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) បានទៅដល់កូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍នេះ។ កាលពីដើមខែកញ្ញានេះ កូរ៉េខាងជើង ក៏បានប្រកាសផ្តល់សិទ្ធិឱ្យខ្លួនឯងជាផ្លូវការថែមទៀតផង សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីដែលប្រទេសខ្លួនរងការគំរាមកំហែង៕