(កាប៊ុល)៖ នៅថ្ងៃសុក្រនេះ ជនបំផ្ទុះគ្រាប់បែកអត្តឃាត បានធ្វើសកម្មភាពវាយប្រហារទៅលើ វិទ្យាស្ថានអប់រំមួយកន្លែង ស្ថិតក្នុងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្កានីស្ថាន ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោច ១៩នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។

អ្នកនាំពាក្យប៉ូលិសអាហ្វហ្កានីស្ថាន លោក ខាលីដ ហ្សាដរ៉ាន (Khalid Zadran) បានឱ្យដឹងថា មនុស្សអាចរហូតដល់២៧នាក់ផ្សេងទៀត ក៏បានទទួលរងរបួសផងដែរ កំលុងការវាយប្រហារដែលបានកើតឡើង នៅតំបន់ដាស់-អ៉ី-បាឈី (Dasht-e-Barchi) ភាគខាងលិច​ទីក្រុងកាប៊ុល។

ជាទូទៅសាលារៀនត្រូវបានបិទទ្វារ ក្នុងប្រទេសអាហ្វហ្កានីស្ថាន នៅរៀងរាល់ថ្ងៃសុក្រ ប៉ុន្តែបើតាមលោក Zadran ជនរងគ្រោះ​ទាំងអស់ខាងលើ រួមមានទាំងសិស្សប្រុសនិងសិស្សស្រី ដែលទើបបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ កំពុងតែធ្វើការប្រឡង​សាកល្បង ដើម្បីត្រៀមចូលសាកលវិទ្យាល័យ នៅឯវិទ្យាស្ថានអប់រំ ខាច (Kaj) នៅពេលជនសង្ស័យបានផ្ទុះគ្រាប់បែក ដែល​បំពាក់នៅជាប់ខ្លួនរបស់គេ។ ភ្លាមៗនេះ មិនទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវ ចំពោះការវាយប្រហារនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីក្នុងឆ្នាំ២០២១ មុនពេលក្រុមតាលីបង់ឡើងកាន់អំណាច មនុស្សយ៉ាងហោច ៨៥នាក់ ភាគច្រើនជាសិស្សស្រីៗ ត្រូវបានសម្លាប់ និងប្រហែល៣០០នាក់ ផ្សេងទៀតបានរងរបួស នៅពេលដែលគ្រាប់បែក៣គ្រាប់ បានផ្ទុះឡើងនៅក្បែរសាលារៀន​ពួកគេ ក្នុងតំបន់ Dasht-e-Barchi។ ដោយឡែក កាលពីខែមេសា ឆ្នាំនេះវិញ ហេតុការណ៍បំផ្ទុះគ្រាប់២ករណី នៅឯមជ្ឈមណ្ឌលអប់រំ​២កន្លែងផ្សេងគ្នា នៅក្នុងតំបន់ដដែល ក៏បានផ្តាច់ជីវិតមនុស្ស៦នាក់ និងបង្កឱ្យរងរបួស២០នាក់ផងដែរ៕