(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុន ដែលខ្លួនចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងពាណិជ្ជកម្មគីមីឥន្ធនៈ និងប្រេងរបស់អ៉ីរ៉ង់ រួមទាំងក្រុមហ៊ុនចំនួន៥ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ខណៈវាគឺជាការដាក់សម្ពាធថ្មីទៀត លើទីក្រុងតេហេរ៉ង់ដែលកំពុងស្វែងរកការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។

អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកបញ្ហាភេវកម្មនិងស៉ើបការណ៍ហិរញ្ញវត្ថុ លោក ប្រាយអែន ណិលសុន (Brian Nelson) បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ដរាបណាអ៉ីរ៉ង់បដិសេធត្រឡប់មកអនុវត្តឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ សហរដ្ឋអាមេរិកនឹងបន្តអនុវត្តការដាក់ទណ្ឌកម្មលើការលក់ប្រេង និងផលិតផលគីមីឥន្ធនៈរបស់អ៉ីរ៉ង់។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន ក៏បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយដែរថា ក្រសួងការបរទេសអាមេរិកបានកំណត់ដាក់ទណ្ឌកម្មលើ ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅប្រទេសចិន ចំនួន២គឺក្រុមហ៊ុនឆុងគូ ស្តរេច អែនត្រេនស្ពតស្តេសិន ខូអិលធីឌី (Zhonggu Storage and Transportation Co Ltd) ដែលរងការចោទប្រកាន់ថា ជាកន្លែងស្តុកប្រេងឆៅរបស់អ៉ីរ៉ង់ និងក្រុមហ៊ុនដាប់ប៊ែលយូអេស ស៉ីបភីង ខូអិលធីឌី (WS Shipping Co Ltd) ដែលរងការចោទប្រកាន់ជា អ្នកគ្រប់គ្រងកប៉ាល់ដឹកជញ្ជូនផលិតផលប្រេង សម្រាប់ការនាំចេញរបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងតាមដានយ៉ាងដិតដល់ចំពោះ ក្រុមហ៊ុនចិនជុំវិញការនាំចេញគីមីឥន្ធនៈរបស់អ៊ីរ៉ង់ ខណៈពន្លឺនៃការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺបានថយចុះទៅវិញ ដ្បិតកិច្ចចរចាគ្នាដោយប្រយោល សំដៅស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ បានបន្តជាប់គាំងរហូតមកទល់ពេលនេះ៕