(តៃប៉ិ)៖ កងទ័ពជើងទឹកតៃវ៉ាន់ នៅថ្ងៃសុក្រនេះបានទទួលនាវាចម្បាំងថ្មីដែលផលិតក្នុងស្រុក ដែលអាចប្រើប្រាស់សម្រាប់ដឹកកងទ័ពនិងពង្រឹងខ្សែផ្គត់ផ្គង់ទៅកាន់កោះដែលងាយរងគ្រោះ ជាផ្នែកមួយនៃការបង្កើនស្វ័យការពារជាតិរបស់លោកស្រី សៃ អ៉ីងវិន ប្រធានាធិបតីតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ដោយមានសមត្ថភាពផ្ទុកទម្ងន់ ១០,៦០០តោន នាវាយូសាន (Yu Shan) ដែលដាក់ឈ្មោះតាមភ្នំដ៏ខ្ពស់បំផុតរបស់តៃវ៉ាន់ គឺជាការអភិវឌ្ឍន៍ចុងក្រោយបំផុតនៃផែនការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ របស់លោកស្រី សៃ ចំពេលកើនឡើងសម្ពាធពីប្រទេសចិន។ ថ្លែងក្នុងពិធីប្រគល់នៅឯទីក្រុងកំពង់ផែកៅស៉ីង (Kaohsiung) ភាគខាងត្បូង លោកស្រី សៃ បាននិយាយថា នាវានេះគឺជាសក្ខីភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់តៃវ៉ាន់ ក្នុងការជំរុញការផលិតនាវាច្បាំងដោយខ្លួនឯង និងសម្រេចបាននូវគោលដៅ «ស្វ័យការពារជាតិ»

លោកស្រី សៃ បានគូសបញ្ជាក់ថា «នៅពេលនិយាយអំពីការគំរាមកំហែងផ្នែកយោធារបស់ចិន គឺមានតែការពង្រឹងសមត្ថភាពការពារខ្លួនរបស់យើងប៉ុណ្ណោះទេ ទើបអាចរក្សាបាននូវសន្តិភាពពិតប្រាកដ។ វាគឺជាគោលនយោបាយនិងការប្តេជ្ញាចិត្តឥតឈប់ឈររបស់យើង ដើម្បីធ្វើឲ្យយោធាមានសំភារៈល្អបំផុតដើម្បីការពារប្រទេស»

គួរបញ្ជាក់ថា ប្រទេសចិនបានធ្វើសមយុទ្ធយោធាដើម្បីបង្ហាញការខឹងសម្បាររបស់ខ្លួន ចាប់តាំងពីមានដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី នៅទីក្រុងតៃប៉ិ ហើយរហូតមកដល់ពេលនេះសកម្មភាពរបស់យោធាចិននៅតែបន្តក្នុងកម្រិតកាត់បន្ថយច្រើន៕