(កៀវ)៖ នៅក្នុងសុន្ទរកថាមួយ មុនពិធីចុះហត្ថលេខាលើសន្ធិសញ្ញា ដើម្បីធ្វើឱ្យតំបន់អ៊ុយក្រែនចំនួនបួន ក្លាយជាផ្នែករបស់ប្រទេសរុស្ស៊ី លោក ពូទីន បានព្រមានថា ប្រទេសរបស់លោក នឹងមិនបោះបង់ចោលតំបន់ដែលខ្លួនបានកាន់កាប់ទាំងនេះឡើយ ដោយនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីការពារពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ប្រធានាធិបតីរុស្ស៉ីរូបនេះ បានជំរុញឲ្យអ៊ុយក្រែនអង្គុយចរចាដើម្បីបញ្ចប់ការប្រយុទ្ធ ប៉ុន្តែបានព្រមានយ៉ាងម៉ឺងម៉ាត់ថា រុស្ស៊ីនឹងមិនចុះចាញ់ការគ្រប់គ្រងតំបន់ Donetsk, Luhansk, Kherson និង Zaporizhzhia ឡើយ។ លោកបានចោទប្រកាន់លោកខាងលិចថា បានបញ្ឆេះអរិភាពដែលជាផ្នែកមួយ នៃផែនការរបស់ខ្លួនក្នុងការប្រែក្លាយរុស្ស៊ីទៅជា «អាណានិគម និងហ្វូងទាសករ»។

ពិធីនេះបានធ្វើឡើង ៣ថ្ងៃបន្ទាប់ពី «ការធ្វើប្រជាមតិ» ដែលរៀបចំដោយវិមានក្រឹមឡាំង ស្តីពីការចូលរួមជាមួយប្រទេសរុស្ស៊ី ដែលទីក្រុងកៀវ និងលោកខាងលិចមើលឃើញថា ជាការដណ្តើមយកទឹកដីដោយឥតលាក់លៀម និងត្រូវបានធ្វើឡើងដោយឈរលើមូលដ្ឋាននៃការបាញ់កាំភ្លើង និងការកុហក។

ព្រឹត្តិការណ៍ដែលប្រារព្ធឡើងនៅក្នុងសាល St. George's Hall ពណ៌ស និងមាសដ៏ធំស្កឹមស្កៃរបស់វិមានក្រឹមឡាំង ត្រូវបានរៀបចំឡើងសម្រាប់ លោក ពូទីន និងប្រមុខតំបន់ចំនួន៤ នៃអ៊ុយក្រែនដើម្បីចុះហត្ថលេខាលើសន្ធិសញ្ញា សម្រាប់ការចូលជាសមាជិករបស់ប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា តំបន់ Donetsk និង Luhansk ដែលបំបែកខ្លួននៅភាគខាងកើតអ៊ុយក្រែន បានប្រកាសឯករាជ្យដោយមានទីក្រុងមូស្គូគាំទ្រតាំងពីឆ្នាំ២០១៤ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការបញ្ចូលឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន។ តំបន់ Kherson ភាគខាងត្បូង និងផ្នែកមួយនៃតំបន់ Zaporizhzhia ដែលនៅជិតខាងនោះ ត្រូវបានរុស្ស៊ីគ្រប់គ្រងបានភ្លាមៗ បន្ទាប់ពីលោក ពូទីន បានបញ្ជូនទាហានចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕