(កៀវ)៖ ទន្ទឹមនឹងការប្រកាសរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អំពីការបញ្ចូលតំបន់អ៊ុយក្រែនចំនួន ៤ ទៅក្នុងប្រទេសរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា ប្រទេសរបស់លោកបានស្នើសុំជាផ្លូវការ នូវការពន្លឿនការចូលជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែនបានផ្តល់ការឆ្លើយតបភ្លាមៗ ចំពោះក្រុងម៉ូស្គូដែលចុះហត្ថលេខាលើក្រឹត្យ ជាមួយតំបន់ចំនួនបួនដែលបានបោះឆ្នោតចូលរួមជាមួយរុស្ស៊ីថា «ថ្ងៃនេះអ៊ុយក្រែនកំពុងអនុវត្តដើម្បីធ្វើឱ្យវាស្របច្បាប់ ...យើងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយចុះហត្ថលេខាលើពាក្យសុំរបស់អ៊ុយក្រែន សម្រាប់ការចូលជាសមាជិកណាតូ»

គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ក្នុងបញ្ចូលតំបន់ចំនួន៤ របស់អ៊ុយក្រែន ជាផ្នែករបស់ប្រទេសរុស្ស៉ី៕