(បែរឡាំង)៖ កាលពីជាង៣០ឆ្នាំមុន សង្រ្គាមនៅក្នុងតំបន់បាល់កង់បានបង្ហាញម្ដងរួចមកហើយពី «អសមត្ថភាព» របស់បណ្ដាប្រទេសអឺរ៉ុបខាងលិច ក្នុងការដោះស្រាយ​សង្រ្គាម នៅលើទឹកដីអឺរ៉ុប ហើយ ៣០ឆ្នាំក្រោយ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនបានបង្ហាញម្ដងទៀតថាអឺរ៉ុបនៅ​តែមិនមានសមត្ថភាពដោះស្រាយ​បញ្ហាបានដោយខ្លួនឯង បើគ្មាន ការជួយពីសហរដ្ឋអាមេរិក ទេនោះ។

បើគេចាំមិនភ្លេចទេ នៅពេលដែលអតីតសហព័ន្ធយូហ្គូស្លាវី ចាប់ផ្ដើមបែកខ្ញែកគ្នា ក្នុងឆ្នាំ១៩៩១ អតីតរដ្ឋមន្ត្រីការបទេសលុចហ្សំបួរ លោក ហ្សាក់ ពូស (Jacques Poos) បានលើកឡើងប្រកបដោយគំនិតសុទិដ្ឋនិយមថា «នេះគឺជាពេលវេលារបស់អឺរ៉ុប មិនមែនជាពេលវេលារបស់សហរដ្ឋអាមេរិក នោះទេ»។ ចាប់តាំងពីពេលនោះមក «យុទ្ធសាស្ត្រស្វ័យភាពសម្រាប់អឺរ៉ុប» ត្រូវបានគេលើកយកមកជជែកដេញដោល និងកាន់តែផលផុលនៅក្រោមអាណត្តិអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ពោលគឺដោយសារតែបារម្ភពី «នយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេ» របស់លោក ត្រាំ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអតីតអធិការបតី អាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល បានព្រមានចំៗថាសហភាពអឺរ៉ុបលែងអាចពឹងផ្អែកលើសហរដ្ឋអាមេរិក តទៅទៀតបានឡើយ។

ក៏ប៉ុន្តែ ការលើកឡើងពីគំនិតបង្កើតកងទ័ពអឺរ៉ុប និងយុទ្ធសាស្ត្រស្វ័យភាពសម្រាប់អឺរ៉ុបដោយលោក ម៉ាក្រុង ដែលមានបំណងកាត់បន្ថយការពឹងផ្អែកយោធារបស់​សហភាពអឺរ៉ុប លើសហរដ្ឋអាមេរិក គ្រាន់តែជាក្ដីស្រមៃមួយដែលគ្មានរូបរាងពិតប្រាកដតែប៉ុណ្ណោះមកទល់នឹងសព្វថ្ងៃ។ ប្រឈមមុខនឹងសង្រ្គាមឈ្លានពាន​របស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែន ទាំងអាល្លឺម៉ង់ និងបារាំងដែលជាបងធំសហភាពអឺរ៉ុប និងមានអាវុធនុយក្លេអ៊ែរផងនោះ នៅតែបន្តពឹងផ្អែកផ្នែកយោធាលើទីក្រុងវ៉ាស៊ីនតោន ដដែល។ បើតាមវិទ្យាស្ថាន Kiel Institute for World Economy ក្នុងរយៈពេលជាង ៧ខែកន្លងមកនេះនៃសង្រ្គាមអ៊ុយក្រែន សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាជាង ២៥ពាន់លានអឺរ៉ូឱ្យអ៊ុយក្រែន រីឯចក្រភពអង់គ្លេសបានផ្ដល់ ៤ពាន់លានអឺរ៉ូ។ ចំណែកឯ អាល្លឺម៉ង់បានផ្ដល់ជំនួយយោធា ១.២ពាន់លានអឺរ៉ូ តាមពីក្រោយប៉ូឡូញដែលបានផ្ដល់ ជំនួយយោធា ១.៨ពាន់លានអឺរ៉ូឱ្យទីក្រុងកៀវ ខណៈបារាំងបានផ្ដល់ត្រឹមតែ ២៣៣លានអឺរ៉ុបឱ្យអ៊ុយក្រែន។

មួយវិញទៀត ចក្រភពអង់គ្លេសបានបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន ៥,០០០នាក់ តែបារាំងបានបណ្ដុះបណ្ដាលត្រឹមតែ ១០០នាក់ប៉ុណ្ណោះ។ តួលេខខុសគ្នានេះ វាមិនមែនជា បញ្ហាចំនួនទឹកលុយនោះទេ តែបញ្ហាចោទនោះគឺនៅត្រង់ «ឆន្ទៈនយោបាយ» តែម្ដង។ សហភាពអឺរ៉ុបមានផលិតផលនៅក្នុងស្រុកសរុប ឬ GDP ក្នុងមួយឆ្នាំៗជាង ១៤ទ្រីលានអឺរ៉ូ និងមានបញ្ចប់ថវិកាយោធា ២៣០ពាន់លានអឺរ៉ូ។ តែទោះជាបែបនេះក្ដី លោក ម៉ាក្រុង ធ្លាប់បានសង្កត់ធ្ងន់ថាបារាំង​មិនចង់ក្លាយ​ជាភាគីជម្លោះ ហើយក៏មិនចង់ធ្វើឱ្យរុស្ស៉ីបាក់មុខ នោះដែរ ស្របពេលអធិការបតីអាល្លឺម៉ង់ លោក អាឡាហ្វ សូលស៍ បានព្រមានម្ដងហើយម្ដង​ទៀតពីគ្រោះថ្នាក់​នៃការចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម។

បច្ចុប្បន្ន អ្វីដែលគេកំពុងរង់ចាំមើល នោះគឺថាតើនឹងមានការផ្លាស់ប្ដូរដែរឬទេ? ហើយថាតើបងធំសហភាពអឺរ៉ុប អាល្លឺម៉ង់ និងបារាំងដែលសុទ្ធសឹងជាប្រទេសមាន​សេដ្ឋកិច្ចធំ ជាងគេនៅក្នុងតំបន់អឺរ៉ុប នឹងយល់ព្រមបញ្ជូនរថក្រោះ ឡេអូផាត (Leopard 2) និងរថក្រោះឡេក្ល៊ែក (Leclerc) ឱ្យអ៊ុយក្រែនដែរក៏យ៉ាងណា ក្នុងបរិបទដែលទីក្រុងកៀវកំពុង អំពាវនាវរកអាវុធបន្ថែម ចំពោះមុខការបង្កើនការធ្វើសង្រ្គាមដោយការប្រកាសកែនទ័ពបន្ថែមរបស់លោក ពូទីន។

ពិតមែនទៅ តួលេខខុសគ្នានៃការផ្ដល់ជំនួយយោធារវាងសហរដ្ឋអាមេរិក និងអឺរ៉ុប ក៏បាន និងកំពុងធ្វើឱ្យមានការចោទសួរឡើងដែរនូវ​សំណួរថាតើនឹងមានរឿង​អ្វីកើតឡើងចំពោះ អ៊ុយក្រែន បើសហរដ្ឋអាមេរិកមិនលូកដៃចូលជួយ? នៅក្នុងសុន្ទរកថាមួយក្នុងខែកញ្ញានេះ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡំប្រ៊ិច (Christine Lambrecht) បានទទួលស្គាល់ថាស្ថានការណ៍សព្វថ្ងៃមិនអាចទ្រាំទ្រតទៅទៀតបានឡើយ។ «អាល្លឺម៉ង់ និងអឺរ៉ុប កំពុងពឹងផ្អែកលើសណ្ដាប់ធ្នាប់​សន្តិភាពមួយដែលខ្លួនឯងមិនមានសមត្ថភាព ការពារដែលនេះជាបញ្ហាមួយដ៏ធំ ខណៈសហរដ្ឋអាមេរិកកំពុងបង្កើនការផ្ដោតរបស់ខ្លួនលើតំបន់ប៉ាស៊ីហ្វិក»។ នេះជាការគូសបញ្ជាក់របស់លោកស្រី ឡំប្រ៊ិច។

លោកស្រីរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់រូបនេះ បានបន្ថែមថា«ទីក្រុងវ៉ាស៊ីនតោនក៏ប្រហែលជាលែងមានសមត្ថភាពការពារសន្តិសុខអឺរ៉ុប ដូចកាលពីអតីតកាលទៀត​នោះដែរ។ នេះមានន័យយ៉ាងច្បាស់ថាយើងទាំងអស់ ប្រទេសអឺរ៉ុប រួមទាំងអាល្លឺម៉ង់ត្រូវតែប្រឹងប្រែងពង្រឹងសមត្ថភាពយោធាឱ្យកាន់តែរឹងមាំរហូតដល់ធ្វើឱ្យមហា​អំណាចដទៃមិនហ៊ានគិត ចង់វាយប្រហារលើពួកយើង»។ ក៏ប៉ុន្តែ ក្រុមអ្នកវិភាគមួយចំនួនយល់ថាសព្វថ្ងៃ អឺរ៉ុបមិនទាន់អាចធ្វើការងារជាមួយគ្នាបាននោះទេ ដោយសារតែខ្វះការទុកចិត្តគ្នា និងចង់ធ្វើ បងធំអឺរ៉ុបរៀងៗខ្លួន។

ជាឧទាហរណ៍ កិច្ចសហប្រតិបត្តិការក្នុងការផលិតយន្ដហោះចម្បាំងរវាងបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ ឬហៅកាត់ថា FCAS មិនបានដំណើរការទៅមុខដោយរលូនទេ និងបាន ជាប់គាំងជាច្រើនលើកច្រើនសាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ យន្ដហោះចម្បាំងដំបូងនៅក្រោមគម្រោងនេះត្រូវបានគេរំពឹងថានឹងមិនអាចបង្ហាញវត្តមាននៅមុនឆ្នាំ២០៤០ ឡើយ ហើយបញ្ហារាំងស្ទះនោះគឺដោយសារតែការខ្វែងគំនិតគ្នារវាងបារាំង និងអាល្លឺម៉ង់ ជុំវិញថាតើនរណាគួរតែធ្វើជាមេដឹកនាំក្នុងគម្រោងរួមគ្នាមួយនេះ។ ជាងនេះទៅទៀត
ក្រុមមន្ត្រី និងអ្នកជំនាញបារាំង ធ្លាប់បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងដែលអាល្លឺម៉ង់សម្រេចចិត្តទិញយន្ដហោះ F-35 បន្ថែមពីសហរដ្ឋអាមេរិក។ លោក ព្យែរ ហារ៉ូស (Pierre Haroche) ជាអ្នកជំនាញខាងវិស័យយោធាអឺរ៉ុបម្នាក់មកពីវិទ្យាស្ថានអៀហ្សឹម (IRSEM) គាំទ្រដោយក្រសួងការពារជាតិបារាំងបានរិះគន់អាល្លឺម៉ង់ចំៗតែម្ដងជាមួយការបញ្ជាក់ ដូច្នេះថា «ការសម្រេចចិត្តបែបនេះរបស់អាល្លឺម៉ង់ វាបានបង្ហាញថាអាល្លឺម៉ង់មិនមានភាពច្បាស់លាស់ទាល់តែសោះ ដូច្នេះបារាំងមិនអាចពឹងលើអាល្លឺម៉ង់ខាងវិស័យការពារជាតិ ទេ។ អាទិភាពរបស់អាល្លឺម៉ង់មិនមែនកសាងវិស័យការពារជាតិអឺរ៉ុបមួយនោះទេ តែគឺចង់ស្ដារកងទ័ពរបស់ខ្លួនឡើងវិញ ដើម្បីទទួលបានពិន្ទុល្អនៅក្នុងបក្សសម្ព័ន្ធយោធាណាតូ»។

យ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងការរិះគន់ ក្រុមមន្ត្រីអាល្លឺម៉ង់បានអះអាងថាការសម្រេចចិត្តយន្ដហោះចម្បាំង F-35 មិនមែនឆ្លុះបញ្ចំងពីការផ្លាស់ប្ដូរ​ការប្ដេជ្ញា​ចិត្តរបស់ ទីក្រុង បែរឡាំងចំពោះគម្រោង FCAS នោះទេ ដោយការទិញនេះធ្វើឡើងក្នុងករណីបន្ទាន់ ពីព្រោះថាយន្ដហោះចម្បាំងនៅក្រោមគម្រោង FCAS មានភាពយឺតយ៉ាវ ហើយបានចោទ ក្រុមហ៊ុនផលិតអាវុធបារាំងវិញថាហាក់មិនចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការយោធាទេ។

គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បានប្រកាសជាសាធារណៈពីចក្ខុវិស័យរបស់លោកដែលចង់ឱ្យ​សហភាពអឺរ៉ុបកាន់តែមាន អធិបតេយ្យ និងភូមិសាស្ត្រនយោបាយកាន់តែរឹងមាំ។ នៅក្នុងទីក្រុងប៉ារីស ចក្ខុវិស័យរបស់លោក សូលស៍ ត្រូវបានអ្នកជំនាញខ្លះបកស្រាយថាជាការឆ្លើយតបទៅនឹង «ចក្ខុវិស័យ របស់លោក ម៉ាក្រុង កាលពីឆ្នាំ២០១៧ ស្ដីពីយុទ្ធសាស្ត្រស្វ័យភាព»។ ក៏ប៉ុន្តែ ទាំងបារាំង និងអាល្លឺម៉ង់សុទ្ធតែកំពុងបាត់បង់ជំនឿចិត្តពីប្រទសអឺរ៉ុបដទៃ ជាពិសេសនោះគឺបារាំង តែម្ដង បន្ទាប់ពីលោក ម៉ាក្រុងក្លាយជាមេដឹកនាំអឺរ៉ុបដែលបាននិយាយទូរស័ព្ទច្រើនជាងគេជាមួយលោក ពូទីន និងបន្ទាប់ពីលោក ម៉ាក្រុងផ្ទាល់និយាយថា «គេមិនគួរធ្វើឱ្យរុស្ស៉ី បាក់មុខឡើយ» ដែលនេះឯងអាចនឹងជំរុញឱ្យប្រទេសអឺរ៉ុប ដូចជានៅតំបន់អឺរ៉ុបខាងកើត កាន់តែបោះដៃទៅរកការការពារពីសហរដ្ឋអាមេរិក៕