(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយថាលោកផ្ទាល់មិនដែលនឹកគិតឡើយថាប្រជាជន អាមេរិកជាង ១លាននាក់បានស្លាប់ដោយសារកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក Anthony Fauci ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីបច្ចុប្បន្នភាពកូវីដ១៩ នៅឯសេតវិមាន នៅថ្ងៃអង្គាសប្ដាហ៍នេះ ដែលអាចជាសន្និសីទសាធារណៈលើកចុងក្រោយរបស់លោក ក្នុងនាមជាអ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក។ ថ្លែងនាឱកាសនោះ លោក Fauci មានអាយុ៨១ឆ្នាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំមិនដែលនឹកគិត ហើយខ្ញុំក៏មិនដែលគិតនោះដែរថាមិត្តរួមការងាររបស់ខ្ញុំ បាននឹកគិតដល់ថាយើង រងការឈឺចាប់យូរបែបនេះ ពោលគឺដល់ទៅជិត៣ឆ្នាំ ហើយមានប្រជាជនអាមេរិកជាងមួយលាននាក់បាត់បង់ជីវិត»

លោក Anthony Fauci នឹងត្រូវលាលែងចេញពីតំណែងនៅខែធ្នូខាងមុខនេះ ក្នុងនាមជាប្រធានវិទ្យាស្ថានជាតិអាលែរហ្ស៉ី និងជំងឺឆ្លង និងប្រធានទីប្រឹក្សា វេជ្ជសាស្ត្រសេតវិមាន បន្ទាប់ពីកាន់មុខនាទីអស់រយៈពេលជាង៤០ឆ្នាំមកនេះ។ បើតាមគេហទំព័រ Worldometers គិតត្រឹមថ្ងៃពុធនេះ សហរដ្ឋអាមេរិក មានឆ្លងជំងឺ កូវីដ១៩ សរុបកើនឡើងដល់ ១០០,២៧៩,៦៩៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,១០៣,៣៥៥នាក់ និងជាសះស្បើយឡើងវិញសរុប ៩៧.៨លាននាក់៕