(រ៉ាបា)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) នៅថ្ងៃអង្គារសប្តាហ៍នេះបានព្រមានប្រឆាំងនឹង «វោហាសាស្ត្រដ៏គ្រោះថ្នាក់» ដែលបង្កឲ្យមានភាពតានតឹង ក្នុងចំណោមបណ្ដាប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហ្គូតឺរ៉េស បានប្រាប់សន្និសីទនៅប្រទេសម៉ារ៉ុក យ៉ាងដូច្នេះថា «ការបែកបាក់គ្នាកាន់តែកើនឡើង ហើយកំពុងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខពិភពលោក ដែលបង្កឲ្យមានការប្រឈមមុខគ្នាសាជាថ្មី និងធ្វើឲ្យវាកាន់តែលំបាកក្នុងការដោះស្រាយជម្លោះចាស់។ វោហាសាស្ត្រដ៏គ្រោះថ្នាក់ កំពុងបង្កើនភាពតានខាងតឹងនុយក្លេអ៊ែរ»

លោក ហ្គូតឺរ៉េស បានបន្ថែមថា «កម្លាំងនៃភាពមិនចុះសម្រុងគ្នា កំពុងដាស់វិញ្ញាណអាក្រក់ និងការប្រកាន់សាសនា។ នៅក្នុងពិភពលោកដែលកំពុងមាន បញ្ហាដូចនេះ យើងត្រូវតែបន្ធូរបន្ថយភាពតានតឹងជំរុញឲ្យមានការរួបរួមគ្នា ហើយនាំមកវិញនូវសង្គមដែលមានសាមគ្គីភាព និងភាពធន់បន្ថែមទៀត»

គួរបញ្ជាក់ថា សុន្ទរកថារបស់ប្រមុខ UN ខាងលើនេះធ្វើឡើងក្នុងកិច្ចអង្គការសហប្រជាជាតិ ជាមួយអង្គការសង្គមស៉ីវិល ដែលមានគោលបំណងជំរុញ សកម្មភាពជាអន្តរជាតិ ប្រឆាំងនឹងភាពជ្រុលនិយម ជាលើកទីមួយនៅលើទឹកដីអាហ្វ្រិក៕