(កៀវ)៖ រដ្ឋាភិបាលអ៊ុយក្រែន បានសន្យាថានឹងបង្កើតជម្រកបណ្តោះអាសន្ន ដើម្បីផ្តល់កំដៅ និងទឹក ដល់ប្រជាជន ហើយបានលើកទឹកចិត្តពលរដ្ឋឲ្យសន្សំថាមពលទុកសម្រាប់ប្រើប្រាស់ ខណៈដែលរដូវរងាដ៏អាក្រក់បានកើតឡើង ចំពេលមានការវាយប្រហារមិនឈប់ឈររបស់រុស្ស៊ី បង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងសុន្ទរកថាជាវីដេអូ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់ថា «មជ្ឈមណ្ឌលបណ្តោះអាសន្ន ឬ invincibility centres» ពិសេសមួយ នឹងត្រូវបានបង្កើតឡើងនៅជុំវិញប្រទេសអ៊ុយក្រែន ដើម្បីផ្តល់អគ្គិសនី កំដៅ ទឹក អ៊ីនធឺណិត ការតភ្ជាប់ទូរស័ព្ទចល័ត ឱសថស្ថាន ដោយមិនគិតថ្លៃ និងបម្រើការ២៤ម៉ោង»។

លោក ហ្សេលេនស្គី បានបន្ថែមថា «ប្រសិនបើការវាយប្រហារដ៏ធំរបស់រុស្ស៊ីកើតឡើងម្តងទៀត ហើយថាមពលច្បាស់ថានឹងមិនត្រូវបានស្តារឡើងវិញ ក្នុងរយៈពេលជាច្រើនម៉ោងនោះ invincibility centres នឹងដំណើរការជាមួយនឹងសេវាកម្មសំខាន់ៗទាំងអស់ខាងលើនេះ»។

គួរបញ្ជាក់ថា តាមរបាយការណ៍អ៊ុយក្រែន ការវាយប្រហាររបស់រុស្សី បានផ្តាច់ថាមពលរយៈពេលយូរសម្រាប់អ្នកប្រើប្រាស់រហូតដល់ ១០លាននាក់ ក្នុងពេលតែមួយ ខណៈប្រតិបត្តិករបណ្តាញអគ្គិសនីជាតិ អះអាងថា ការខូចខាតមានលក្ខណៈទ្រង់ទ្រាយធំ៕