(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា មនុស្សចំនួន៥នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ១គ្រឿង នៅស្រុកយ៉ាងយ៉ាង (Yangyang) នៃខេត្តហ្កាងវ៉ុន (Gangwon) ភាគឦសានប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ជនរងគ្រោះទាំង៥នាក់នោះ រួមមានទាំងពីឡុតអាយុ៧១ឆ្នាំម្នាក់ និងអ្នកមេកានិចអាយុ៥៤ឆ្នាំម្នាក់ ដែលពីដំបូងឡើយត្រូវគេជឿជាក់ថា គឺជាមនុស្សតែ២នាក់គត់ ដែលស្ថិតនៅលើឧទ្ធម្ភាគចក្រ។ យ៉ាងណាមិញ ក្រុមជួយសង្រ្គោះក៏បានរកឃើញសាកសពមនុស្ស ៣នាក់ទៀត ក្នុងនោះមាន២នាក់ជាស្រ្តី ហើយម្នាក់មានវ័យខ្ទង់២០ឆ្នាំ នៅកន្លែងកើតហេតុ។ ក្រោយមក វីដេអូពីកាមេរ៉ាសន្តិសុខ ក៏បានបញ្ជាក់ថាពិតជាមាន មនុស្សសរុប៥នាក់ ធ្វើដំណើរលើឧទ្ធម្ភាគចក្រប្រាកដមែន។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រប្រភេទ S-58T ស្ថិតក្រោមការជួលប្រើប្រាស់ ដោយរដ្ឋបាលនៅស្រុកយ៉ាងយ៉ាង, សុកឆូ (Sokcho) និងហ្កូសឹង (Goseong) បានធ្លាក់នៅជម្រាលភ្នំមួយកន្លែង កាលពីវេលាម៉ោង១០៖៥០នាទីព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃអាទិត្យនេះ ពេលធ្វើប្រតិបត្តិការអង្កេតតំបន់ម្តុំនោះប្រឆាំងនឹងភ្លើងឆេះព្រៃ។ នៅពេលធ្លាក់ ឧទ្ធម្ភាគចក្រដែលផលិតដោយក្រុមហ៊ុនអាមេរិក ស៉ីគ័រស្គី (Sikorsky) នេះ បានបែកជាបំណែកៗ ហើយផ្ទុះឆាបឆេះឡើង ខណៈអគ្គិភ័យត្រូវបានពន្លត់ដោយជោគជ័យ នៅមួយម៉ោងក្រោយ ហើយមិនបានរាលដាលឡើយ៕