(មូស្គូ)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា ការប៉ុនប៉ងបំបែកបំបាក់សន្តិភាពសន្តិសុខដែលដឹកនាំដោយរុស្ស៉ី តែងតែធ្លាប់កើតមានឡើង ហើយនឹងនៅតែបន្តយ៉ាងដូច្នោះ ក៏ប៉ុន្តែលោកបានទទូចថា ការចងសម្ពន្ធភាពបែបនេះ គឺជារឿងដែលកំពុងត្រូវការចាំបាច់បំផុត ក្រោយមានការរិះគន់ពីសំណាក់​ប្រទេសអាមេនី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

កំលុងកិច្ចប្រជុំកំពូលមួយនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព CSTO ដែលប្រមូលផ្តុំអតីតប្រទេសសូវៀតចំនួន៦ រួមមានដូចជា អាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៉ីស៉ីស្ថាន រុស្ស៉ី និងតាហ្ស៉ីគីស្ថាន កាលពីសប្តាហ៍កន្លងទៅ នាយករដ្ឋមន្រ្តីអាមេនី លោក នីកូល ប៉ាស៉ីនយ៉ាន (Nikol Pashinyan) បានចោទជាសំណួរចំពោះប្រសិទ្ធភាព នៃសម្ពន្ធភាពសន្តិសុខមួយនេះ។

កាលពីខែកញ្ញា អាមេនីបានស្នើសុំជំនួយពីអង្គការ CSTO ប៉ុន្តែទទួលបានត្រឹមតែពាក្យសន្យាថា នឹងបញ្ជូនក្រុមអ្នកសង្កេតការណ៍ប៉ុណ្ណោះ។ ដូច្នេះហើយលោក ប៉ាស៉ីនយ៉ាន ក៏បានរំលេចពីភាពផ្ទុយស្រឡះរវាងចម្លើយ ដែលប្រទេសលោកទទួលបាន និង​ការសម្រេចចិត្តយ៉ាងឆាប់រហ័សរបស់ CSTO ក្នុងការបញ្ជូនកងកម្លាំងទៅកាន់ប្រទេសកាហ្សាក់ស្ថាន ដើម្បីជួយប្រធានាធិបតីលោក កាស្ស៉ីម យ៉ូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) ឱ្យឆ្លងផុតភាពចលនាចល ដែលបានផ្ទុះឡើងនៅទីនោះ កាលពីដើមឆ្នាំនេះ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក ឌីមីទ្រី ប៉េស្កូវ បានលើកឡើងដូច្នេះថា «វាតែងតែមានជាប់ជានិច្ច នូវការប៉ុនប៉ងព្យាយាមបំបែកបំបាក់ CSTO។ ប៉ុន្តែយ៉ាងហោចណាស់នាពេលនេះ យើងមើលឃើញថា ទោះមានឧបសគ្គលំបាក ទោះមានចំណុចខ្វែងគំនិត សូម្បីតែក្នុងចំណោមប្រទេសជាសមាជិក គឺសម្ពន្ធភាពបែបនេះ នៅតែជារឿងត្រូវការចាំបាច់បំផុត»។ លោក ប៉េស្កូវ បានបន្តថា «CSTO បានបង្ហាញពីភាពទាក់ទងក៏ដូចជា ប្រសិទ្ធភាពរបស់ខ្លួនយ៉ាងពេញលេញ ពោលគឺតាមរយៈ​ការដោះស្រាយ ស្ថានការណ៍នៅកាហ្សាក់ស្ថាន នាពេលកន្លងមក»