(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៉ីរ៉ង់បានប្រកាសនៅថ្ងៃចន្ទនេះថា ទីក្រុងតេហេរ៉ង់នឹងច្រានចោល ការស៉ើបអង្កេតឯករាជ្យដែលអង្គការសហប្រជាជាតិ (UN) ទើបតែបង្កើតឡើងថ្មីៗនេះ ជុំវិញការបង្រ្កាបរបស់រដ្ឋាភិបាលអ៉ីរ៉ង់ ទៅលើចលនាបាតុកម្ម ដែលមកទល់ពេលនេះ ហាក់មិនមានសញ្ញាអន់ថយទៅវិញឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក ណាស្ស៉ឺ កាណាអានី (Nasser Kannaani) និយាយយ៉ាងដាច់អហង្ការថា ប្រទេសអ៉ីរ៉ង់​នឹងមិនផ្តល់កិច្ចសហការដាច់ខាត ជាមួយគណៈកម្មាធិការស៉ើបអង្កេត ដែលបង្កើតឡើងក្រោមចរិតនយោបាយ ដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN បានបោះឆ្នោតតែងតាំងគណៈកម្មាធិការមួយ ដើម្បីបើកការស៉ើបអង្កេតជុំវិញ ការបង្រ្កាបរបស់រដ្ឋាភិបាលអ៉ីរ៉ង់ទៅលើក្រុមបាតុករ។ ដោយឡែក លោក វ៉ុលកឺ ថឺក (Volker Turk) ឧត្តមស្នងការសិទ្ធិមនុស្ស UN ក៏បានទាមទារផងដែរឱ្យ អ៉ីរ៉ង់បញ្ឈប់ការប្រើប្រាស់អំពើហិង្សាឥតត្រាប្រណី ដើម្បីបង្រ្កាបបាតុកម្មដែលបានផ្ទុះឡើង ក្រោយការស្លាប់នៃនារីវ័យ២២ឆ្នាំម្នាក់ ឈ្មោះ ម៉ាស្សា អាមីនី កំលុងការឃាត់ខ្លួនរបស់អាជ្ញាធរអ៉ីរ៉ង់ កាលពីថ្ងៃទី១៦ ខែកញ្ញា។

គួរបញ្ជាក់ថា យោងតាមទីភ្នាក់ងារព័ត៌មានសិទ្ធិមនុស្សអ៉ីរ៉ង់ HRANA បាតុករចំនួន៤៥០នាក់ ត្រូវបានសម្លាប់ ក្នុងភាពវឹកវរនៅទូទាំងប្រទេស រយៈពេលជាង២ខែមកនេះ ខណៈកងកម្លាំងសន្តិសុខ៦០នាក់ ក៏បានស្លាប់ ហើយអ្នកតវ៉ាចំនួន ១៨,១៧៣នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ ខាងទីក្រុងតេហេរ៉ង់បានទម្លាក់កំហុសថា កម្លាំងបរទេសគឺជាអ្នកនៅពីក្រោយ ភាពចលាចលនេះ៕