(ប៉េកាំង)៖ នៅថ្ងៃអង្គារនេះយោធាចិនបានអះអាងថា ខ្លួនបានបណ្តេញនាវាចម្បាំងបំពាក់មីស៉ីល១គ្រឿង របស់សហរដ្ឋអាមេរិក ដែលបានទន្ទ្រានចូលដោយខុសច្បាប់មកក្នុងដែនទឹក ក្បែរទីប្រជុំកោះ ស្ព្រែតលី (Spratly) នៃតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ធាន ជុនលី (Tian Junli) អ្នកនាំពាក្យទីបញ្ជាការភូមិភាគខាងត្បូងរបស់កងទ័ពចិន បាននិយាយថា សកម្មភាពរបស់យោធាសហរដ្ឋ​អាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសចិន ខណៈការទន្ទ្រានរបស់នាវាយោធាអាមេរិក បង្ហាញឱ្យឃើញថា ទីក្រុងវ៉ាស៉ីនតោនគឺជា អ្នកដែលបង្កើតហានិភ័យសន្តិសុខយ៉ាងពិតប្រាកដ នៅតំបន់សមុទ្រចិនខាងត្បូង ហើយ​ជាភស្តុតាងជាក់ស្តែង នៃការសម្ញែងចេញអនុត្តរភាពរបស់ខ្លួន ក្នុងការធ្វើនាវាចរណ៍និងយោធូបនីយកម្ម នៃសមុទ្រចិនខាងត្បូង។

នាវាចម្បាំងអាមេរិកខាងលើមានឈ្មោះថា យូអេសអេស ឆានសេឡឺស្វៀល (USS Chancellorsville) ដែលថ្មីៗនេះទើបតែបាន​ចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។ បញ្ហាតំបន់សមុទ្រចិនខាងត្បូង បានក្លាយជាបញ្ហាដ៏ក្តៅគគុកមួយ នៅក្នុងទំនាក់ទំនងរវាង​ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៉ីនតោន ខណៈអាមេរិកបានបញ្ជូននាវាចម្បាំងឱ្យឆ្លងកាត់តំបន់សមុទ្រនេះ កាន់តែញឹកញាប់ឡើងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕