(ហុងកុង)៖ មេដឹកនាំទីក្រុងហុងកុង លោក ចន លី (John Lee) បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលទីក្រុងប៉េកាំង «មានការព្រួយបារម្ភយ៉ាងខ្លាំង» អំពីវត្តមាននៃការចូលរួមរបស់មេធាវីបរទេស ក្នុងសំណុំរឿងសន្តិសុខជាតិ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅថ្ងៃចន្ទសប្តាហ៍នេះ លោក លី បានស្នើឲ្យស្ថាប័ននីតិប្បញ្ញតិ្តរបស់ទីក្រុងប៉េកាំង ផ្តល់សេចក្តីសម្រេចលើសំណើរបស់ហុងកុង ដែលចង់ឱ្យមានការរារាំងមេធាវីបរទេសចូលរួមតវ៉ាក្តី ក្នុងសំណុំរឿងសន្តិសុខជាតិ ក្រោយពីតុលាការកំពូលរបស់ទីក្រុងហុងកុង បានសម្រេចឲ្យមេធាវីជនជាតិអង់គ្លេសម្នាក់ ក្លាយជាមេធាវីតំណាងឲ្យមហាសេដ្ឋីគាំទ្រលទ្ធិប្រជាធិបតេយ្យ គឺ លោក ជីមមី ឡៃ (Jimmy Lai) ដែលកំពុងជាប់ពន្ធនាគារ។

លោក លី រំពឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិរបស់ប្រទេសចិន (NPCSC) នឹងធ្វើការសម្រេចលើបញ្ហានេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឬអាចកើតឡើងមុនពេលបើកសវនាកាត់ក្តីលើសំណុំរឿងរបស់ លោក ឡៃ នាថ្ងៃព្រហស្បតិ៍ខាងមុខនេះ ខណៈដែលអាជ្ញាធរហុងកុង កំពុងស្វែងរកការពន្យារពេលចាប់ផ្តើមសវនាការនេះ។

គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌របស់ហុងកុង បានព្យាយាមម្តងហើយម្តងទៀត ប៉ុន្តែបរាជ័យក្នុងការរារាំងមេធាវីជនជាតិអង់គ្លេស លោក ធីមូធី អូវិន (Timothy Owen) ពីការតំណាងឲ្យ លោក ឡៃ ដែលជាអ្នករិះគន់ហុងកុងដ៏លេចធ្លោបំផុតម្នាក់ ចំពោះការដឹកនាំបក្សកុម្មុយនិស្តចិន នៅក្នុងសំណុំរឿងសន្តិសុខជាតិដ៏សំខាន់មួយ៕