(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថា ចិនអាចនឹងមានក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងស្ដុក កើនដល់ ១,៥០០គ្រាប់ នៅឆ្នាំ២០៣៥ ប្រសិនបើទីក្រុងប៉េកាំងនៅតែបន្តរក្សាល្បឿនផលិតដូចពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់ បានឱ្យដឹងថារបាយការណ៍របស់មន្ទីរបញ្ចកោណ ដែលគ្របដណ្ដប់លើសកម្មភាពនានា ក្នុងឆ្នាំ២០២១ បានបង្ហាញថាចិនបច្ចុប្បន្ន មានក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងស្ដុកជាង៤០០គ្រាប់ ហើយ ការព្យាករថាចិនអាចនឹងមានក្បាលគ្រាបនុយក្លេអ៊ែរជាង ១,០០០គ្រាប់ នៅឆ្នាំ២០៣៥ គឺធ្វើឡើងដោយផ្អែកលើល្បឿនផលិតដែល គ្មានការប្រែប្រួល នាពេលសព្វថ្ងៃ។

ចិន ធ្លាប់បានលើកឡើងជារឿយៗថាខ្លួនមានក្បាលគ្រាប់នុយក្លេអ៊ែរតិចជាងឆ្ងាយ បើធៀបទៅនឹងសហរដ្ឋអាមេរិក និងរុស្ស៉ី ហើយថាត្រៀមខ្លួន ជាស្រេចសម្រាប់កិច្ចសន្ទនា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន យល់ព្រមកាត់បន្ថយចំនួនក្បាលគ្រាប់នុយក្លេអ៊ែរឱ្យនៅត្រឹមកម្រិតស្មើនឹងចិន។ បើតាម វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (Stockholm International Peace Research Institute (SIPRI) សហរដ្ឋអាមេរិកត្រូវបានគេ រាយការណ៍ថាមានស្ដុកក្បាលគ្រាប់នុយក្លេអ៊ែរ ៣,៧០០គ្រាប់ ហើយក្នុងនោះ១,៧៤០គ្រាប់ត្រូវបានដាក់ពង្រាយជាស្រេច៕