(ញូវដេលី)៖ របាយការណ៍មួយចេញផ្សាយដោយមន្ទីរបញ្ចកោណ នៅថ្ងៃពុធសប្ដាហ៍នេះ បានឱ្យដឹងថាចិនបានព្រមានសហរដ្ឋអាមេរិក កុំឱ្យលូកដៃចូលក្នុង ទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌា បន្ទាប់ពីផ្ទុះជម្លោះនៅឯតំបន់ព្រំដែនរវាងមហាយក្សអាស៊ីទាំង២ កាលពីឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២។

ទំនាក់ទំនងរវាងចិន និងឥណ្ឌា បានស្គាល់ភាពតានតឹងយ៉ាងខ្លាំង ក្រោយផ្ទុះហិង្សានៅឯតំបន់ជម្លោះព្រំដែន នៅជួរភ្នំហិមាឡៃ រវាងប្រទេសទាំង២ កាលពី ឆ្នាំ២០២០ ដោយបណ្ដាលឱ្យទាហានឥណ្ឌា ២០នាក់ និងទាហានចិន៤នាក់បានស្លាប់ ហើយដែលនេះជាជម្លោះព្រំដែនដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៤៥ឆ្នាំ មកនេះ។

នៅក្នុងរបាយការណ៍របស់ខ្លួន មន្ទីរបញ្ចកោណបានបញ្ជាក់ថាចិនបានព្យាយាមទប់ស្កាត់កុំឱ្យជម្លោះព្រំដែន រុញឱ្យឥណ្ឌាកាន់តែខិតទៅជិតសហរដ្ឋអាមេរិក និង បានព្រមានផងដែរឱ្យកុំក្រុមមន្ត្រីអាមេរិកលូកដៃចូលក្នុងទំនាក់ទំនងរបស់ចិន ជាមួយឥណ្ឌា។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) មិនបានលើកឡើងពីរបាយការណ៍របស់មន្ទីរបញ្ចកោណនោះទេ នៅពេលធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយគ្រាន់តែនិយាយថាការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងឥណ្ឌាកាលពីខែវិច្ឆិកាកន្លងទៅនេះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយពីព្រំដែនចិន ដែលនេះមិនមែនជារឿងល្អឡើយសម្រាប់ការជឿទុកចិត្តគ្នារវាងចិន និងឥណ្ឌា៕