(មូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ប្រទេសរុស្ស៊ីនឹងយកចិត្តទុកដាក់ជាពិសេសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កងកម្លាំងនុយក្លេអ៊ែររបស់ខ្លួននៅឆ្នាំ២០២៣។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ លោក សយហ្គូ បានបញ្ជាក់ថា រុស្ស៊ីក៏នឹងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពប្រយុទ្ធនៃកងកម្លាំងមីស៊ីលរបស់ខ្លួន ហើយសម្ភារបរិក្ខារនានាកំពុងត្រូវបានសាងសង់ដើម្បីបំពាក់ប្រព័ន្ធមីស៊ីលថ្មី។ រុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេក្នុងពិភពលោក ដោយមានក្បាលគ្រាប់ជិត ៦,០០០គ្រាប់។

កន្លងមក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានដាក់ទឹកដីដែលរុស្សីរឹបអូសក្នុងប្រទេសអ៊ុយក្រែន ក្រោមឆ័ត្រនុយក្លេអ៊ែររបស់ទីក្រុងមូស្គូដោយព្រមានថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីការពារ «បូរណភាពទឹកដី» របស់រុស្ស៊ី តាមគ្រប់មធ្យោបាយដែលមាន។ ប៉ុន្តែសហរដ្ឋអាមេរិក បានព្រមានពីផលវិបាកធ្ងន់ធ្ងរប្រសិនបើទីក្រុងមូស្គូ ជ្រើសរើសប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា រុស្ស៊ី និងសហរដ្ឋអាមេរិកគ្រោងនឹងជួបពិភាក្សាគ្នានៅទីក្រុងកៀវ ក្នុងសប្តាហ៍នេះ ស្តីពីសន្ធិសញ្ញា New START ដែលមានស្រាប់របស់ពួកគេ ដែលកំណត់ចំនួនក្បាលគ្រាប់ដែលអាចដាក់ពង្រាយបាន។ ប៉ុន្តែទីក្រុងមូស្គូបានដកខ្លួនចេញនៅមុនថ្ងៃនៃកិច្ចប្រជុំមកដល់ ដោយចោទប្រកាន់សហរដ្ឋអាមេរិកពីអាកប្បកិរិយាប្រឆាំងរុស្ស៊ី និងព្យាយាមរៀបចំសន្ធិសញ្ញានេះដើម្បីផលប្រយោជន៍របស់ខ្លួន៕