(ប៉ារីស)៖ នាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍លេខ១ របស់ប្រទេសបារាំង Orange បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ការហៅទូរស័ព្ទបន្ទាន់ប្រហែលជាមិនអាចធ្វើទៅបានទេ នៅក្នុងផ្នែកខ្លះនៃប្រទេសបារាំង ប្រសិនបើមានការដាច់ចរន្តអគ្គិសនីរយៈពេលយូរក្នុងរដូវរងានេះ ខណៈដែលមានការរំពឹងទុកថា ការបែងចែកថាមពលអាចត្រូវបានធ្វើឡើងចំពេលមានសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២៣។

ថ្លែងទៅកាន់សមាជិកសភាបារាំងក្នុងសម័យប្រជុំព្រឹទ្ធសភា លោកស្រី គ្រីស្តែល ហេយ៍ដឺម៉ាន់ (Christel Heydemann) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Orange បានគូសបញ្ជាក់ថា «ប្រសិនបើនៅក្នុងតំបន់ភូមិសាស្រ្តមួយ សេវាបណ្តាញទូរស័ព្ទត្រូវបានបិទរយៈពេលពីរម៉ោង នោះយើងនឹងមិនអាចចូលទៅប្រើប្រាស់លេខសេវាសង្គ្រោះបន្ទាន់បានឡើយ។ វាហាក់ដូចជានិយាយកុហកពេកដែលថា យើងនៅតែអាចរក្សាសេវាកម្មទូរស័ព្ទបន្ទាន់ដល់ប្រជាជនបារាំងទាំងអស់ ក្នុងករណីមានការដាច់ចរន្តអគ្គិសនីនោះ»

លោកស្រី ហេយ៍ដឺម៉ាន់ បានបន្ថែមថា «យើងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីសាកថ្មបម្រុងទុកថាមពល សម្រាប់ការប្រើប្រាស់សេវាទូរស័ព្ទរាប់ពាន់គ្រឿងក្នុងរដូវរងានេះបានទេ។ វាទាល់តែចំណាយពេល ៥ឆ្នាំឯណោះ»

គួរបញ្ជាក់ថា ការព្រមានយ៉ាងម៉ឺងម៉ាត់ពីនាយកប្រតិបត្តិនៃក្រុមហ៊ុនទូរគមនាគមន៍លេខ១ របស់ប្រទេសបារាំងខាងលើនេះ គឺផ្ទុយទៅនឹងការធានារបស់រដ្ឋាភិបាលបារាំងលើបញ្ហាថាមពល និងបង្ហាញពីបញ្ហាដែលឧស្សាហកម្មទូរគមនាគមន៍ត្រូវប្រឈមមុខ ដើម្បីអាចរក្សាសេវាកម្មទូរស័ព្ទចល័តក្នុងករណីមានការដាច់ចរន្តអគ្គិសនីរយៈពេលយូរ៕