(ហែលស៉ិនគី)៖ នាយករដ្ឋមន្រ្តីហ្វាំងឡង់ លោកស្រី សានណា ម៉ារីន (Sanna Marin) បាននិយាយនៅថ្ងៃសុក្រនេះថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានសបញ្ជាក់ឱ្យឃើញថា អឺរ៉ុបមានការពឹងផ្អែកជ្រុលខ្លាំងពេកហើយទៅលើ សហរដ្ឋអាមេរិកសម្រាប់សន្តិសុខរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងក្នុងវេទិកាមួយនៅទីក្រុងស៉ីដនីនៃប្រទេសអូស្រ្តាលី លោកស្រីនាយករដ្ឋមន្រ្តីហ្វាំងឡង់ បានថ្លែងជំរុញគាំទ្រចំពោះការបង្កើន សមត្ថភាពការពារជាតិរបស់អឺរ៉ុប ក្នុងនោះរួមមានទាំងការផលិតសព្វាវុធ។ លោកស្រី ម៉ារីន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំត្រូវតែនិយាយឱ្យត្រង់ៗបំផុតប្រាប់អ្នកទាំងអស់គ្នា គឺអឺរ៉ុបមិនមានកម្លាំងរឹងមាំគ្រប់គ្រាន់ឡើយនាពេលនេះ។ យើងមុខជានឹងធ្លាក់​ក្នុងអន្លង់បញ្ហាដ៏ធំសម្បើមមិនខាន បើគ្មានសហរដ្ឋអាមេរិកទេនោះ»

លោកស្រីបានបន្តថា «សហរដ្ឋអាមេរិកបានផ្តល់អាវុធក៏ច្រើន ហិរញ្ញវត្ថុក៏ច្រើន និងជំនួយមនុស្សធម៌ក៏ច្រើន ឱ្យទៅអ៊ុយក្រែន ហើយ​អឺរ៉ុបយើងវិញ គឺមិនទាន់រឹងមាំគ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះហើយ យើងត្រូវតែខិតខំធានាឱ្យបានថា យើងនឹងនាំគ្នាពង្រឹងសមត្ថភាពវិស័យការពារជាតិយើង ក៏ដូចជាឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប»។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ នៅទីក្រុងហែលស៉ិនគីផ្ទាល់ លោកស្រី ម៉ារីន ក៏បានលើកឡើងផងដែរថា សព្វថ្ងៃនេះ អឺរ៉ុបកំពុងពឹងផ្អែកខ្លាំងពេកលើប្រទេសចិនសម្រាប់បច្ចេកវិទ្យា ហើយគួរតែផ្តោតការវិនិយោគបន្ថែមទៅលើ វិស័យដូចជា AI និង Quantum Computing ជាដើម៕