(កូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅយប់ថ្ងៃសុក្រ (២ ធ្នូ) បានបង្ហាញសមាសភាពគណៈរដ្ឋមន្ត្រីរបស់លោក ដែលមានលោក Ahmad Zahid Hamidi មកពីបក្ស Barisan Nasional (BN) និងលោក Fadila Yusuf មកពីគណបក្ស Gabungan Parti Sarawak’s (GPS) ធ្វើជាឧបនាយករដ្ឋមន្ត្រី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០២​ ខែធ្នូ ឆ្នាំ២០២២។

លោក អាន់វ៉ា ក៏នឹងធ្វើជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរ ខណៈដែលលោក Tengku Zafrul Tengku Abdul Aziz នឹងធ្វើជារដ្ឋមន្ត្រីពាណិជ្ជកម្ម។

ចំណែកឯវិស័យការពារជាតិ និងសេដ្ឋកិច្ចនឹងត្រូវដឹកនាំ ដោយលោក Mohamad Hasan និងលោក Rafizi Ramli។

លោក Anthony Loke នឹងក្លាយជារដ្ឋមន្ត្រីដឹកជញ្ជូន ខណៈលោក Mohamad Sabu នឹងធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម។

តំណែងសំខាន់ៗផ្សេងទៀតរួមទាំងសុខភាព កិច្ចការផ្ទះ និងការអប់រំ នឹងត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត Zaliha Mustafa លោក Saifuddin Nasution Ismail និងលោកស្រី Fadhlina Sidek។

លោក Ahmad Zahid និងលោក Fadillah នឹងដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងឧស្សាហកម្មដាំដំណាំ និងទំនិញ។

គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីនឹងស្បថចូលកាន់តំណែងនៅថ្ងៃសៅរ៍សប្តាហ៍នេះ វេលាម៉ោង៣រសៀល។

លោក អាន់វ៉ា បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីល្ងាចថ្ងៃសុក្រថា «បន្ទាប់ពីធ្វើសច្ចាប្រណិធានរដ្ឋធម្មនុញ្ញនៅថ្ងៃស្អែក ខ្ញុំនឹងបើកកិច្ចប្រជុំពិសេសមួយជាមួយរដ្ឋមន្ត្រី ដើម្បីដាក់ចេញនូវច្បាប់ ការណែនាំ និងវិធីសាស្រ្តថ្មីមួយចំនួន ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តភារកិច្ចរបស់ពួកគេ។

នាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ីរូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា បញ្ហាអភិបាលកិច្ចល្អ ការសម្រាលបន្ទុករបស់ប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច នឹងជាអាទិភាពកំពូលរបស់រដ្ឋាភិបាលចម្រុះរបស់លោក៕