(កាលីហ្វ័រញ៉ា)៖ សហរដ្ឋអាមេរិក បានបង្ហាញជាផ្លូវការហើយនូវយន្តហោះទម្លាក់គ្រាប់បែកស៊េរីថ្មី B-21 Raider ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ និងអាវុធធម្មតា ព្រមទាំងត្រូវបានរចនាឡើងរួមជាមួយនូវ លទ្ធភាពដែលអាចអនុញ្ញាតឱ្យវា ធ្វើប្រតិបត្តិការដោយមិនតម្រូវឱ្យមានពីឡុតជិះបញ្ជានៅក្នុងនោះផ្ទាល់ ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០២២។

យន្តហោះទម្លាក់គ្រាប់បែកស៊េរីថ្មី B-21 Raider ត្រូវបានដាក់តាំងបង្ហាញនៅពិធីមួយរៀបចំឡើង នៅឯរោងចក្ររបស់ក្រុមហ៊ុន ណ័សរ៉ូប គ្រូមមែន (Northrop Grumman) ក្នុងទីក្រុង ផាមឌែល (Palmdale) នៃរដ្ឋកាលីហ្វ័រញ៉ា ដោយមានការចូលរួមផ្ទាល់ផងដែរពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក)។ ថ្លែងនាឱកាសនោះ លោក អូស្ទីន បានគូសបញ្ជាក់ដូច្នេះថា « B-21 Raider យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដំបូងបំផុត នៅក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ ហើយវាជាសក្ខីកម្មមួយបង្ហាញពីឧត្ដមភាពយូរអង្វែងរបស់អាមេរិក នៅក្នុងភាពប៉ិនប្រសប់ និងប្រកដោយការច្នៃប្រឌិត»។

គួរបញ្ជាក់ថា យន្តហោះ B-21 ដែលកំពុងឆ្ពោះទៅមានតម្លៃកើនជិតដល់ ៧០០លានដុល្លារក្នុង១គ្រឿង គឺជាយន្តហោះទម្លាក់គ្រាប់បែកថ្មីដំបូងគេ របស់សហរដ្ឋអាមេរិក ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ វានឹងត្រូវយកទៅប្រើប្រាស់ ជំនួសយន្តហោះទម្លាក់គ្រាប់បែក B-1 និង B-2 ដែលបានហោះហើរ តាំងតែពីកំលុងសម័យសង្រ្គាមត្រជាក់មកម្ល៉េះ។

មុខងារជាក់លាក់ជាច្រើន របស់យន្តហោះទម្លាក់គ្រាប់បែកជំនាន់ថ្មីនេះ គឺស្ថិតក្រោមការលាក់ការណ៍ ប៉ុន្តែវាត្រូវគេជឿថា មានភាពទំនើបខ្លាំងជាង យន្តហោះទម្លាក់គ្រាប់បែកអាមេរិកបច្ចុប្បន្ន ដូចជាលទ្ធភាពធ្វើប្រតិបត្តិការហោះហើរ ដោយមិនបាច់មានក្រុមពីឡុតជិះបញ្ជានៅក្នុងផ្ទាល់ជាដើម ប៉ុន្តែកងទ័ពអាកាសអាមេរិក បាននិយាយថា មិនទាន់មានការសម្រេចចិត្តឱ្យ​​ធ្វើប្រតិបត្តិការ B-21 ក្នុងលក្ខណៈយ៉ាងដូច្នោះនៅឡើយ។ ម៉្យាងវិញទៀត ដូចទៅនឹងយន្តហោះចម្បាំងអាមេរិក F-22 និង F-35 ដែរ គឺ B-21 នឹងមានបំពាក់នូវបច្ចេកវិទ្យាបំបាំងកាយជំនាន់ចុងក្រោយ ឬហៅថា Stealth Technology ដែលធ្វើឱ្យសត្រូវពិបាកចាប់សញ្ញាយន្តហោះនេះ៕