(ស៉ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយនៅថ្ងៃសៅរ៍នេះថា លោកមិនស្ថិតនៅក្នុងក្រុមអ្នកនយោបាយសហព័ន្ធ ដែលគ្រោងនឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៦ថ្ងៃ ដែលត្រូវបានរាយការណ៍ក្នុងគោលបំណងបង្ហាញពីបំណងប្រាថ្នារបស់អូស្ត្រាលីក្នុងការរក្សាសន្តិភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ។

លោក អាល់បានីស បានពណ៌នាផែនការនេះថាជាដំណើរទស្សនកិច្ចរបស់ក្រុមសមាជិកសភាតែមិនមែនជាការដឹកនាំដោយរដ្ឋាភិបាលឡើយ។

លោក អាល់បានីស បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង រ៉េនម៉ាក (Renmark) ក្នុងរដ្ឋអូស្រ្តាលីខាងត្បូង (South Australia) យ៉ាងដូច្នេះថា «យើងនៅតែប្រកាន់ជំហរទ្វេភាគីនៅពេលនិយាយដល់ប្រទេសចិន និងផ្តល់ការគាំទ្រសម្រាប់ស្ថានភាពបច្ចុប្បន្ននៅលើកោះតៃវ៉ាន់»។

នៅ​ពេល​សួរ​អំពី​ចេតនា​របស់​អ្នក​នយោបាយ​ដែលគ្រោងនឹង​ធ្វើ​ដំណើរ​ទៅនោះ លោក អាល់បានី​ បាន​ឆ្លើយថា «ខ្ញុំ​មិន​ដឹង​ទេ អ្នក​គួរ​តែ​សួរ​ពួកគេ»។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍នេះបានរាយការណ៍ថា សមាជិកអូស្ត្រាលីមួយក្រុម នឹងបំពេញដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ទៅកាន់កោះតៃវ៉ាន់ នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់ទីក្រុងកង់បេរ៉ា ក្នុងការរក្សាសន្តិភាព នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងនោះមានទាំងមកពីគណបក្សកាន់អំណាចគឺបក្សពលករ និងគណបក្សប្រឆាំង៕