(ឡុងដ៍)៖ រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ លោក Robert Jenrick បាននិយាយថា ចក្រភពអង់គ្លេសគួរតែហាមប្រាមជនចំណាកស្រុកជនជាតិអាល់បានី ពីការស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Sky News នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០២២។

លោក Jenrick បាននិយាយយ៉ាងដូច្នេះថា «ជនជាតិអាល់បានីគួរត្រូវបានដកហូតសិទ្ធិ ក្នុងការស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសអង់គ្លេស»

លោកបានបន្ថែមថា ចក្រភពអង់គ្លេសគួរតែរឹតបន្តឹងគោលនយោបាយរបស់ខ្លួនចំពោះ ប្រទេសបាល់កង់ ព្រោះវាជាកន្លែង «មានសុវត្ថិភាពជាក់ស្តែង» ហើយបានពណ៌នាថាចំនួនជនជាតិអាល់បានីដែលមកដល់ចក្រភពអង់គ្លេសថា «មិនមាននិរន្តរភាព»

ជនជាតិអាល់បានីមានច្រើនជាងមួយភាគបី នៃប្រជាជនចំនួន ៣៣,០០០នាក់ ដែលបានឆ្លងកាត់ច្រកសមុទ្រអង់គ្លេសតាមទូក ចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ។

ចំពេលមានសម្ពាធកាន់តែខ្លាំងឡើង លើរដ្ឋាភិបាលដើម្បីដោះស្រាយវិបត្តិជនចំណាកស្រុក លោក Jenrick បាននិយាយថា បញ្ហាជនជាតិអាល់បានីឥឡូវនេះគឺជា «អាទិភាពទីមួយ»

លោកបានប្រាប់ GB News ថា «អាល់បានីគឺជាប្រទេសដែលមានសុវត្ថិភាពជាក់ស្តែង។ វាពិតជាលំបាកណាស់ក្នុងការមើលឃើញ ជនជាតិអាល់បានីមានសិទ្ធិទាមទារសិទ្ធិជ្រកកោនដោយជោគជ័យ នៅទីនេះក្នុងចក្រភពអង់គ្លេស»