(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងពិចារណាលើសំណើរបស់មេដឹកនាំគណបក្សសាធារណដ្ឋ លោក Kevin McCarthy ដែលស្នើឱ្យមានការលុបចោលកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅក្នុងជួរយោធាអាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។

លោក Kevin McCarthy ដែលត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានសភាតំណាងរាស្ត្រអាមេរិក នៃគណបក្សសាធារណរដ្ឋ នៅឆ្នាំ២០២៣ខាងមុខ បានប្រាប់ ទូរទស្សន៍ Fox News ថាលោកទទួលបានការយល់ព្រមពីថ្នាក់ដឹកនាំនៃគណបក្សទាំង២ ដើម្បីលុបចោលកាតព្វកិច្ចចាក់វ៉ាក់សាំង នៅក្នុងជំនួបមួយនៅឯសេតវិមាន កាលពីពេលថ្មីៗនេះ។ លោកបន្ថែមថាការលុបចោលកាតព្វកិច្ចចាក់វ៉ាក់សាំងនេះ ធ្វើឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុម័តកញ្ចប់ថវិកាយោធា ៨១៧ពាន់លានដុល្លារ ដែលត្រូវបានរំពឹងថានឹងត្រូវបញ្ជូនឱ្យព្រឹទ្ធសភា និងសភាតំណាងរាស្ត្រអាមេរិក នៅក្នុងខែធ្នូនេះ។

ក៏ប៉ុន្តែ សេតវិមានបានអះអាងថាលោក ចូ បៃដិន បានឯកភាពត្រឹមតែយកសំណើរបស់លោក McCarthy មកពិចារណាតែប៉ុណ្ណោះ៕